ភ្នំពេញៈ យុវជនម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ ញ៉ែម សុខា ហៅ យ៉េរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ស្រុកកំណើតនៅភូមិទី១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ថុន ភា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកលក់នុំហ្កូលហៀល ស្នាក់នៅកន្លែងកើតហេតុខាងលើ។
លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿង ម៉ាក HONDA C125 សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1S-9882 នៅមុខផ្ទះ ហើយថែមទាំងមានកូនសោរនៅជាប់លើម៉ូតូផង ក្រោយមករូបគាត់បានចូលទៅក្នុងផ្ទះ ដើម្បីពាក់អាវ ពេលនោះស្រាប់តែមានជនសង្ស័យខាងលើបានដើរកាត់ ហើយឃើញមានកូនសោរម៉ូតូស្រាប់ បានឡើងជិះម៉ូតូគេចទៅបាត់។ ភ្លាមៗនោះជនរងគ្រោះបានតេទូរស័ព្ទទៅប្រាប់លោកមេប៉ុស្តិ៍ថា មានករណីចោរលួចម៉ូតូរបស់ខ្ញុំហើយ ក្រោយមកលោកមេប៉ុស្តិ៍បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់លោក ធ្វើការត្រួតពិនិត្យ និងតាមស្រាវជ្រាវរកម៉ូតូជនរងគ្រោះដែលមានស្លាកលេខដូចខាងលើ ។
ក្រោយមកកម្លាំងសម្ថកិច្ចយើងបានប្រទះឃើញជនរងគ្រោះខាងលើ ដែលកំពុងជិះម៉ូតូតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិទួលសង្កែ ទល់មុខកន្លែងលេងបាល់ ពេលនោះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ហើយបាននាំយកមកប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/SEG_Bu6ThR8
មតិយោបល់