ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចអីវ៉ាន់!

​បន្ទាយមានជ័យៈ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចដោយមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកបានទទួលពាក្យបណ្តឹងពីឈ្មោះ ពៅ ធូ ភេទ ប្រុស អាយុ ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ និងដោយអនុវត្តន៍តាមការណែនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ មូល សុធា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ តាមការបំភ្លឺរបស់ជនរងគ្រោះ បានប្រាប់អោយដឹងថា ៖ នៅយប់កើតហេតុ វេលាម៉ោងប្រមាណ ០៤ និង ០០នាទីទៀបភ្លឺ ខ្លួនបានភ្ញាក់ពីដំណេក ស្រាប់តែឃើញមានមនុស្សចំនួន ​៣នាក់ ជិះម៉ូតូកង់បី ឈប់នៅមុខផ្ទះរបស់ខ្លួន ហើយបានគាស់ជញ្ជាំងផ្ទះបម្រុងចូលលួច ឃើញដូចនេះខ្លួន(ជនរងគ្រោះ) បានស្រែកឆោរឡោ បណ្តាលអោយជនសង្ស័យផ្អើលរត់គេចចេញ នៅសល់ ០១នាក់ ត្រូវបានខ្លួន និងសមត្ថកិច្ចកងរាជអាវុធហត្ថនៅក្បែរនោះជួយចាប់បាន ភ្លាមៗតែម្តង ។

ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យខាងលើបានសារភាពថា ៖ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ខ្លួន និងបក្ខពួក​២នាក់ទៀត បាននាំគ្នាជិះម៉ូតូកង់បី​១គ្រឿង ដើម្បីធ្វើសកម្មភាពចូលតាមផ្ទះអ្នកភូមិ ។ ពេលទៅផ្ទះមួយកន្លែង ក៏ឈប់ម៉ូតូចូលទៅគាស់ជញ្ជាំងផ្ទះបម្រុងចូលលួច ត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកឆោរឡោ ខ្លួន និងបក្សពួកភ័យពេកក៏រត់ចេញមកវិញ តែខ្លួនត្រូវបានគេចាប់ជាប់ ជនសង្ស័យបានបន្ថែមទៀតថា ខ្លួនបានប្រព្រឹត្តអំពើលួច និងគាស់ផ្ទះយកអីវ៉ាន់ជាច្រើនលើកមកហើយ ។
ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកជនសង្ស័យ ​២នាក់ទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់​។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានភាពស៊ីសង្វាក់គ្នា ដែលអាចកំណត់ពីពិរុទ្ធបានយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (លួច ដោយមានស្ថានទម្ងន់) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់