ព័ត៌មានជាតិ

ជាប់គុកហើយ ឆ្លៀតរកស៊ីគ្រឿងញៀនទៀត ពិតជាឡូយមែន

ក្រចេះ: ទណ្ឌិត២នាក់ ជាប់ពន្ធនាគារជិតដល់ថ្ងៃដោះលែងឲ្យមានសេរីភាពវិញហើយ នៅតែមិនកែប្រែ ហើយថែមទាំងប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងគុកថែមទៀត ត្រូវបានអនុរក្សពន្ធនាគារចាប់បានកាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងពន្ធនាគារខេត្តក្រចេះ ស្ថិតក្នុងភូមិ/សង្កាត់/ក្រុងក្រចេះ ខេត្តក្រចេះ។

ជនសង្ស័យជាទណ្ឌិតទាំង២នាក់ ទី១.ឈ្មោះ តែ លីទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ទី២.ឈ្មោះ សៀង សុភា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ។ ទាំងពីរជាប់ពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ហើយជិតដល់ថ្ងៃដោះលែងហើយ បែរទៅបន្ថែមបទល្មើសដដែល(គុកជាន់គុក)។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើ អនុរក្សពន្ធនាគារបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន០៤ធំ ១៣មធ្យម២២តូច សរុបចំនួន៣៩កញ្ចប់ ទម្ងន់១៨,៦៤ក្រាម។

មន្ត្រីអនុរក្សពន្ធនាគារបានឲ្យដឹងថា បានព័ត៌មានដែលទទួលបានពីភ្នាក់ងារផ្តល់ព័ត៌មានរាយការណ៍ថា មានការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារខេត្តក្រចេះ មន្ត្រីអនុរកសពន្ធនាគារ សហការជាមួយមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវស៊ើបអង្កេត ទើបឈានដល់ការចាប់ជនសង្ស័យជាក់ស្តែងតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់