ភ្នំពេញៈ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញាតិឲ្យលោក វ៉ាង អ៊ីនម៉ូ (Hwang Inmoo) អនុរដ្ឋមន្ត្រីការពារជាតិ នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក Hwang Inmoo បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនៈកិច្ចរបស់លោក នៅពេលដែលមកដល់រាជធានីភ្នំពេញនេះ លោកបានឃើញនូវស្ថានភាពរបស់រាជធានីភ្នំពេញ ចលនាប្រជាជន សកម្មភាពសេដ្ឋកិច្ច និងសកម្មភាពនៅក្នុងប្រទេសនេះ លោកមានជំនឿជឿជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើង មានការអភិវឌ្ឍឈានទៅមុខ យ៉ាងឆាប់រហ័សជាទីបំផុត។
លោកក៏បានជម្រាបជូនទៀតថា ដំណើរទស្សនៈកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក៏នឹងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ ឲ្យបានឈានទៅដល់កម្រិតថ្មីមួយទៀត ក្នុងន័យនេះ លោកបានជម្រាបជូនសម្តេចអំពីជំនួបជាមួយនិងលោក ទៀ បាញ់ ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីព្រឹកមិញនេះ ហើយភាគីទាំងពីរ ក៏បានយល់ស្របគ្នា ជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងន័យជាបងប្អូន។
ជាការឆ្លើយតបសម្តេចអគ្គមហាសេនាបតី បានស្វាគមន៍នូវលទ្ធផល នៃជំនួបរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ហើយបានមានប្រសាសន៍ថា សម្តេចបានមោទនភាពណាស់ ជាមួយនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ទោះជាចំណងទាក់ទងនេះ មានរយៈពេលខ្លីមែន ប៉ុន្តែបានបើកជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ យ៉ាងស៊ីជម្រៅ។
លើសពីនេះទៅទៀតសម្តេចតេជោ បានធ្វើការណែនាំ ផ្តល់អនុសាសន៍បន្ថែមទៅលើកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើវិស័យការពារជាតិ វិស័យប្រយុទ្ធប្រឆាំងភេរវកម្ម ក៏ដូចជាចារកម្មដែរនោះ គប្បីណាពិនិត្យមើល ស្វែងរកនូវកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងទៀត ដូចជាវិស័យវិនិយោគ ទេសចរណ៍ និងការនាំផលិតផលកម្ពុជា ចេញទៅកាន់ទីផ្សារសាធារណៈរដ្ឋកូរ៉េផងដែរ៕
មតិយោបល់