ភ្នំពេញៈ យោងតាមផេក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពី ការសោកស្តាយជាអនេកនិងការចូលរួមមរណ:ទុក្ខរបស់ក្រសួងសុខាភិបាលចំពោះការបាត់បង់ឥស្សរជនមនុស្សធម៌ដ៏ឆ្នើម ក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា ពីជំងឺដង្កាត់ផ្សេងៗ៖
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលព័ត៌មានប្រកបដោយក្តីរន្ធត់ក្រៀមក្រំជាទីបំផុត អំពីមរណ:ភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត បីត រីចច្នឺ (Prof. Dr. Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ) ក្នុងជន្នាយុ ៧១ ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាងនាមឲ្យថ្នាក់ដឹកនាំ បុគ្គលិក-មន្ត្រីសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល ជាពិសេសនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ សូមសំដែងនូវការសោកស្តាយជាទីបំផុតចំពោះមរណៈភាពនិងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។ ២៥ឆ្នាំកន្លងទៅនេះ ឯកឧត្តមវេជ្ជបណ្ឌិត បីច រីចច្នឺ បានបង្កើតស្នាដៃមនុស្សធម៌ដ៏ធំធេងនៅក្នុងប្រវត្តិនៃការអភិវឌ្ឍន៌វិស័យសុខាភិបាលកម្ពុជាក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក គឺការបង្កើត ពង្រីក និងអភិវឌ្ឍមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តសៀមរាប។ ហើយឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ បានបង្ហាត់បង្ហាញដឹកនាំការពិនិត្យព្យាបាលជំងឺកុមារនៅកម្ពុជា ទោះជាស្ថិតនៅក្នុងដំណើរដ៏លំបាកលំបិនក៏ដោយ ក៏ ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត បីត រីចច្នឺ មិនរុញរាឡើយ ថែមទាំងបានលះបង់ទាំងកម្លាំងកាយ-ចិត្ត ប្រាជ្ញា ស្មារតី តំរិះវេជ្ជសាស្រ្ត និងសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងស្វែងរកនិងប្រមូលវិភាគទានសម្រាប់ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជាដោយកម្លាំងផ្ទាល់ខ្លួនដោយមិនមានការនឿយហត់ ដើម្បីសុខភាពកុមារកម្ពុជា។ ទង្វើខាងលើរបស់ឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ គឺពិតជាគំរូវីរភាពដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ ហើយតាមរយៈស្នាដៃរបស់ឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ខាងលើនេះដែរ កុមារកម្ពុជាជាច្រើននាក់ទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយសមិទ្ធិផលដែលបានកើតចេញពីស្នាដៃរបស់ឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ នៅលើទឹកដីកម្ពុជានេះ និងពិតជាបានបន្សល់ទុកឲ្យជាផលប្រយោជន៌ សម្រាប់កុមារកម្ពុជាជាបន្ត និងនៅស្ថិតស្ថេរជានិរន្តន៌។ យើងនិងខិតខំបន្តនូវបេសកកម្មមនុស្សធម៌របស់ឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ជាបន្តទៀត ដើម្បីសុខភាពកុមារកម្ពុជា មិនឲ្យសាបសូន្យឡើយ។
លើសពីនេះ យើងខ្ញុំទាំងអស់គ្នា និងចារិកទុកក្នុងចិត្តនូវទង្វើមនុស្សធម៌ដ៏ល្អប្រពៃរបស់ឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ដូចបានរៀបរាប់ខាងលើ និងដើម្បីជាសក្ខីភាពនៃការគោរពនូវវីរភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ នេះ ក្រសួងសុខាភិបាលកម្ពុជា បានចាត់ចែងរៀបចំពិធីគោរពវិញ្ញាណខ័ន្ធឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល។
យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវក្តីសោកស្តាយជាខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ហើយយើងខ្ញុំទាំងអស់គ្នា សូមលើកដៃប្រណំបួងសួងជូនវិញ្ញាណខ័ន្ធឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕
មតិយោបល់