តាកែវៈ អំពើហិង្សាក្នុងគ្រួសារមួយបានបង្កឡើងដោយប្តីប្រមឹក ផឹកស្រាស្រវឹងជោកជាំបានមកសុំលុយប្រពន្ធ២០០០រៀល ទិញស្រាផឹកបន្ថែមមិនបាន ខឹងវាយប្រពន្ធរហូតដល់ស្លាប់ភ្លាមៗនៅនឹងផ្ទះរបស់ខ្លួនឯងតែម្ដង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែលជា១០យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះរបស់ខ្លួនភូមិព្រែកតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។
លោកអធិការនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា ជនសង្ស័យបង្កហិង្សារហូតដល់ស្លាប់បាត់បង់ជីវិតប្រពន្ធនេះ មានឈ្មោះ វេត សាក់ ភេទប្រុស អាយុ៣៦ឆ្នាំ បានវាយប្រពន្ធខ្លួនឯងឈ្មោះ ប៉ុល ស្តើង អាយុ៣៤ឆ្នាំ រហូតដល់ស្លាប់ ក្រោយពេលផឹកស្រាស្រវឹងជោកជាំនិយាយគ្នាលែងស្តាប់បាន ហើយដោយចង់ផឹកស្រាបន្តទៀត គេក៏បានសុំលុយប្រពន្ធខ្លួនទិញថែម តែប្រពន្ធមិនឲ្យកកើតទៅជាអំពើហិង្សាវាយដំតែម្តងទៅ។
ក្រោយពេលកើតហេតុខាងលើ កម្លាំងនគរបាលរដ្ឋបាលឃុំគីរីចុងកោះ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនបុរសជាប្តីស្ត្រីរងគ្រោះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគិរីវង់ ចាត់ការបន្តតាមនីតិវិធី។
ករណីប្តីវាយសម្លាប់ប្រពន្ធខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ មានសេចក្តីសោកសង្រេងជាពន់ពេក ព្រោះតែកូន៤នាក់ ត្រូវកំព្រាគ្មានទីពឹង ណាម្តាយត្រូវស្លាប់ ឪពុកត្រូវជាប់គុក តើអនាគតឲ្យគ្នាទៅទីពឹងអ្នកណា? រឿងនេះ គួរបន្ទោសខាងណា បើឥទ្ធិពលស្រា ថ្នាំញៀនវាខ្លាំងក្លាដល់ថ្នាក់មើលអ្វីលែងយល់ទៅហើយនោះ៕
មតិយោបល់