ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីបើកវគ្គបណ្តុះបណ្តាលទំនាក់ទំនង និងដោះស្រាយវិវាទជាលើកដំបូង រយៈពេល២ថ្ងៃ

ភ្នំពេញ: ក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ មិថុនា បានបើកវគ្គបណ្តុះបណ្តាលជាលើកដំបូងស្តីពីការទំនាក់ទំនង និងដោះស្រាយវិវាទ ដែលការបណ្តុះបណ្តាលនេះ នឹងប្រើប្រាស់រយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០មិថុនា ដោយមានការអញ្ជើញវាគ្មិនដែលមានបទពិសោធន៍មកធ្វើឧទ្ទេសនាម និងសម្របសម្រួលពីការងារដោះស្រាយវិវាទ និងទំនាក់ទំនងនេះ។

សាស្ត្រចារ្យផ្នែកទំនាក់ទំនងនិងព័ត៌មាននៃសកលវិទ្យាល័យភ្នំពេញ និងតំណាងឲ្យក្លឹបអ្នកការសែតកម្ពុជា លោក ឆាយ សុផល ក្នុងបណ្តុះបណ្តាលនេះ បានលើកឡើងពីចំណុចគន្លឹះសំខាន់ៗក្នុងការទំនាក់ទំនង និងដោះស្រាយវិវាទដោយផ្អែកលើគោលការណ៏ និងដំណើការ។ គោលការ គឺជាការណែនាំដែលអ្នកសម្របសម្រួលគ្រប់រូបគួរចងចាំជានិច្ច។

ចំណែកឯដំណើរការវិញ គឺស្ថិតលើសមាសធាតុជាមូលដ្ឋានដែលការសម្រុះសម្រួលភាគច្រើនត្រូវអនុវត្តន៍តាម។ ដោយឡែកគោលការស្នូលនៃការសម្រុះសម្រួល គឺការសម្ងាត់, អព្យាក្រឹត្យភាព, ការសម្រេចចិត្តដោយខ្លួនឯង និងការយល់ព្រមដែលផ្អែកលើព័ត៌មាន ដែលភាគីនានាយល់ពីលទ្ធផលជម្រើសផ្សេងៗ និងព័ត៌មានពាក់ពន្ធ័នឹងផលវិបាក ផលប្រយោន៍នៃការសម្រុះសម្រួល។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពីការទំនាក់ទំនង និងដោះស្រាយវិវាទដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឡើងនេះ គឺជាវគ្គបណ្តុះបណ្តាលលើកដំបូងសម្រាប់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌទាំង១២ ក៏ដូចមន្ត្រីរដ្ឋបាលដែលជាអ្នកអនុវត្តន៍ការងារនេះដោយផ្ទាល់ ការងារនេះបើទទួលបានជោគជ័យវាអាចជាបទពិសោធន៍ និងចំណេះដឹងយកទៅអនុវត្តន៍នៅខេត្ត ក្រុងផ្សេងៗទៀត៕

មតិយោបល់