ព័ត៌មានជាតិ

ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ៣នាក់ មានវាសនា ខុសគ្នា ម្នាក់ជាប់គុក និង២នាក់បានទៅផ្ទះ

ភ្នំពេញៈ យោងតាមការបញ្ជាក់ ពីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ត្រូវបាន លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកា បង្គាប់ឲ្យឃុំខ្លួនកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨ម្សិលមិញ។

ចំណែកជនសង្ស័យ ២នាក់ ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែរនោះ ម្នាក់ត្រូវបានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អម សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង និងម្នាក់ទៀតត្រូវបាន លោក សឿ ឡងឌី ព្រះរាជអាជ្ញាអម សាលាដំបូង រាជធានីភ្នំពេញ សម្រេចដោះលែងឲ្យទៅផ្ទះវិញដែរ។

ពាក់ព័ន្ធការដោះលែងជនសង្ស័យ ២នាក់ ក្នុងចំណោម ជនបង្កទាំង ៣នាក់នេះ លោកព្រះរាជអាជ្ញារង សឿ ឡងឌី និងលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានបញ្ជាក់តាមទូរសព្ទ ប្រហាក់ហែលគ្នាថា ពួកលោកសម្រេច ដោះលែងជនបង្កឲ្យទៅផ្ទះវិញ ដោយសារតែ រឿងនេះ ជនរងគ្រោះរងរបួសស្រាល ហើយជនបង្កបាន សងសំណងទៅជនរងគ្រោះរួចរាល់ និងជនរងគ្រោះបានដកពាក្យបណ្តឹងដែរ ដូច្នេះពួកលោកសម្រេចបញ្ជូនតែសំណុំរឿងបន្តទៅចៅក្រមស៊ើបសួរតែប៉ុណ្ណោះ។

បើយោងតាម លោកវរសនីយ៍ ឯក សែ ម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា

-ករណីចរាចរណ៍ កើតហេតុកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ នៅចំណុច មុខបញ្ជាការដ្ឋាន កងទ័ពជើងគោក ផ្លូវជាតិលេខ ៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ រវាងម៉ូតូ HONDA C125 និង អ្នក ថ្មើរជើង បណ្តាល ឲ្យមនុស្ស រងរបួសធ្ងន់ ម្នាក់ ជនបង្កត្រូវបាន លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង។

-ករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុកាលកណ្តាលយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅចំណុច មុខផ្សារ រាត្រីលើវិថី ព្រះ ស៊ីសុវត្ថិកែងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ រវាង រថយន្ត TOYOTA SCION និង ម៉ូតូ HONDA ICON បណ្តាលឲ្យ មនុស្សរងរបួសធ្ងន់ ០២ នាក់ ដោយសារមូលហេតុ រថយន្ត បើក បត់ កាត់មុខមិនគោរពសិទ្ធិយាន ផ្លូវត្រង់ ជនបង្កត្រូវបាន លោក ហ៊ឹង ប៊ុន ថន ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេច ដោះលែង។

-និងករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច មុខ ច្រកចូលសួនវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងម៉ូតូ SUZUKI LETs និងរថយន្ត HYUNDAI បណ្តាលឲ្យមនុស្ស ស្លាប់ ០២ នាក់ ដោយមូលហេតុ អ្នកបើកបរ ម៉ូតូ មិនប្រកាន់ ចំណែកផ្លូវរបស់ខ្លួន ជនបង្កត្រូវបាន ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕

មតិយោបល់