ភ្នំពេញៈ បុរសបើករថយន្តសាំយ៉ុងមួយគ្រឿង លឿនមិនប្រយ័ត្នគេចពីម៉ូតូមួយគ្រឿងក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់២ផ្ទាំង រថយន្តទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសវ័យប្រហែល២៥ឆ្នាំ ម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកស័រដេះ ពណ៌ស ជាប្រភេទរថយន្តសាំយ៉ុង១២កៅអី ពាក់ស្លាកលេខ កំពត2A-1571 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅបើកមកស្តុបណូគាឆ្ពោះទៅស្ពានអាកាស៧មករា និងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុដោយអ្នកបើកបររថយន្តខាងលើខ្វះ ក៏គេចពីម៉ូតូមួយគ្រឿងមិនចាំម៉ាក ដែលនៅ២មុខរថយន្តទៅខាងឆ្វេងរួចក៏ជ្រុលចង្កូតទៅរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចនិងបាក់ដួលអស់២ផ្ទាំង។ ចំណែកឯរថយន្តខាងរងការខូចខាតកំពិតកាងនិងដាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុហើយបានធ្វើការស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់