ព័ត៌មានអន្តរជាតិ

អាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកកិច្ចចរចាថ្មី ជាមួយកូរ៉េខាងជើង

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានស្វាគមន៍ចំពោះការប្តេជ្ញាដ៏មានសារៈសំខាន់ របស់កូរ៉េខាងជើង ដែលបានធ្វើឡើងនៅអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីថ្ងៃពុធ ក្នុងទីក្រុងព្យុងយ៉ាង ដោយលោកបន្ថែមថា ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចចរចារភ្លាមៗ ក្នុងគោលបំណងសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅត្រឹមខែមករា ឆ្នាំ ២០២១ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Pompeo បាននិយាយថា លោកបាននិយាយ ជាមួយសមភាគីកូរ៉េខាងជើង កាលពីព្រឹកថ្ងៃពុធ និងថែមទាំងបានអញ្ជើញពួកគេ ទៅជួបនៅទីក្រុងញូវយ៉កនាសប្តាហ៍ក្រោយ នៅមហាសន្និបាតអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រ ទៅកាន់ទីក្រុងសេអ៊ូលក្នុងពេលឆាប់ៗខាងមុខ ហើយបានព្រមព្រៀងបិទកន្លែងសាកល្បងអាវុធមីស៊ីលមួយ នៅចំពោះមុខក្រុមអធិការអន្ដរជាតិ ក្នុងអំទ្បុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន។

សម្រាប់ដំណោះស្រាយសំខាន់ ក្នុងជំនួបមេដឹកនាំកូរ៉េទាំងពីរលើកនេះ គឺផ្ដោតសំខាន់លើឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែពួកគេក៏បានចុះហត្ថលេខាលើឯកសារមួយ ដើម្បីពង្រឹងទំនាក់ទំនងរវាងតំបន់លើឧបទ្វីប ដែលបែងចែកប្រទេសទាំងពីរផងដែរ៕

មតិយោបល់