ភ្នំពេញៈ អតីតចៅអធិការវត្ត កំពង់ក្តុល ឈ្មោះ មាជ សុវណ្ណ ត្រូវបានលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យបញ្ជូនទៅផ្តាច់គ្រឿងញៀន នៅមណ្ឌលឱកាសខ្ញុំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
អ្វីដែលគេចាប់អារម្មណ៍មន្ត្រីដែលមានសំលៀកបំពាក់ស៊ីវិល ត្រូវបានគេស្គាល់ថា ជាកម្លាំងនគបាលព្រហ្មទណ្ឌខណ្ឌដង្កោ បាននាំបុគ្គលសង្ឃដាច់សីលរូបនេះ មកតុលាការ ក្នុងរូបភាពបន្លំជាភ្ញៀវ ដោយឱ្យពាក់មួក ពាក់ម៉ាស់ និងបណ្តើរគ្នាជាធម្មតា ពោលគឺជាការរៀបចំ ដើម្បីជួយដល់ជនដែលកំពុងតែប្រឈមនឹងច្បាប់ ប្រឈមនឹងមហាជនរិះគន់ ជាពិសេសវិស័យព័ត៌មាន កុំឱ្យបានដឹង។
ខុសពីជនសង្ស័យដ៏ទៃទៀត ដែលមានបទល្មើស ត្រឹមលួចមាន់ លួចកង់ ត្រូវកម្លាំងប៉ូលិសខណ្ឌដង្កោ ចាប់យកមកតុលាការ ដោយដាក់ខ្នោះដៃជាប់គ្នាណែងណង ខ្លះគ្មានទាំងអាវ គ្មានទ្រនាប់ជើងជាដើម។
ចំណែកសមត្ថកិច្ចវិញគ្រងឯកសណ្ឋានយ៉ាងហំ បង្អួតឱ្យកាសែតថត ដើម្បីបានឃើញដល់មេកើយ។ ទាំងនេះ ត្រូវបានគេដាក់ការរិះគន់ថា ជាផ្នែកមួយនៃការប្រត្តិបត្តច្បាប់មិនស្មើភាពចំពោះមុខច្បាប់ ដោយសារគិតប្រយោជន៍ ភ្លេចគិតច្បាប់ របស់មន្ត្រីនគបាលខណ្ឌធដង្កោ ។
គួរំឭកថា មានការផ្ទុះទ្បើងសារជាថ្មីជុំវិញរឿងដែលបងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់សាកសំពៅ ខណ្ឌដង្កោ តវ៉ាឲ្យព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ដែលលួចលាក់មានស្នេហាជាមួយស្រីម្នាក់ រហូតមានកូនស្រីអាយុ២ឆ្នាំថែមទៀតផង ត្រូវតែផ្សឹកនឹងបណ្តេញចេញពីវត្ត។
តាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា ព្រះចៅអធិការវត្តមាជ សុវណ្ណ បានមានស្នេហា ជាមួយនារីម្នាក់ អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយរឿងនេះ ពុទ្ធបរិស័ទជាច្រើនបានដឹង នឹងបានស្នើសំុឲ្យមានការចាប់ផ្សឹកសង្ឃអង្គនេះ រហូតឈានដល់ការតវ៉ាផ្អើលដល់សមត្ថកិច្ចពីរទៅបីដងមកហើយ ប៉ុន្តែដោយគ្មានភ័ស្តតាងត្រឹមត្រូវ សមត្ថកិច្ចជាពិសេសខាងធម្មការខណ្ឌដង្កោ មិនសម្រេចផ្សឹកព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ឡើយ ដោយតបទៅពុទ្ធបរិស័ទថា ត្រូវតាមដាន នឹងចាប់ភ័ស្តតាងជាក់ស្តែងឲ្យបានសិន ។ ប្រជាពលរដ្ឋបន្តថា រហូតមកដល់យប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានដាក់គ្នា តាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី ១៨ ខែកញ្ញ ក៏ឃើញព្រះសង្ឃ អង្គនេះជិះម៉ូតូឌុបគ្នា ជាមួយស្រីកំណាន់ចិត្តចេញ ពីផ្ទះឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះ ប្រជាពលរដ្ឋបាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ឌ និងស្រីកំណាន់ចិត្ត ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋតាមទាន់ និងមានភ័ស្តតាងជាក់ស្តែង ចំពោះទង្វើប្រាស់ចាកពីធម៌ព្រះពុទ្ធរបស់ព្រះតេជគុន មាជ សុវណ្ណ សមត្ថកិច្ចសម្រេចឃាត់ខ្លួនសង្ឃរូបនេះ ប្រគល់ឲ្យអនុគុណនិងមន្ត្រីធម្មការខណ្ឌដង្កោ បន្តនីតិវិធីទៅតាមច្បាប់វិន័យរបស់ព្រះពុទ្ធសាសនា។
សមត្ថកិច្ចបន្តថា ជំុវិញនឹងរឿងរ៉ាវខាងលើនេះ ព្រះអធិការវត្តកំពងក្តុល មាជ សុវណ្ណ បានមានសង្ឃដីកាសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្ត នៅទង្វើបែបនេះមែន ហើយព្រះអង្គក៏សំុទោសដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខា បទពីព្រះពុទ្ធសាសនា ទៅរស់នៅធម្មតាដូចពលរដ្ឋទូរទៅ។
បើតាមលោកវរសេនីយ៍ឯក ជឹម សីុថា អធិការខណ្ឌដង្កោបានបញ្ជាក់ថា ទោះបីយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ក្រោយពីពិនិត្យឃើញថា បុគ្គលនេះពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ថ្នាំញៀន៕
មតិយោបល់