ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធរឿងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់ដែលបានយកកាំភ្លើងភ្ជង់គូទំនាស់ ជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ឈ្មោះ សួន រ៉ាស៊ី ហៅដាវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មេការចម្ការម្រេច (ឲ្យថៅកែឈ្មោះ គង់ ហ៊ុនធារិទ្ធ) ស្នាក់នៅចម្ការម្រេច ភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំណែកជនរងគ្រោះមានឈ្មោះ ឈន ម៉ារឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ៨៧ ផ្លូវលេខ០៥ ក្រុមទី១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៨៧ ផ្លូវលេខ៥ ក្រុមទី១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលបង្កឡើងរវាងជនសង្ស័យ និងជងរងគ្រោះខាងលើ នៅផ្ទះថៅកែចម្ការម្រេចឈ្មោះ គង់ ហ៊ុនធារិទ្ធ នៅភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅពេលកើតហេតុជនរងគ្រោះឈ្មោះ ឈន ម៉ារឌី (ជាអ្នកស្នាក់នៅផ្ទះជាមួយថៅកែឈ្មោះ គង់ ហ៊ុនធារិទ្ធ) បានមកដល់ឃើញជនជាប់ចោទនៅក្នុងផ្ទះ ក៏មានចិត្តច្រណែនខឹង រួចក៏បានទាត់កៅអី និងធុងសំរាមនៅក្នុងផ្ទះ។ បន្ទាប់មកជនជាប់ចោទក៏បានស្តីបន្ទោសជនរងគ្រោះរួចក៏មានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នាតែម្តងទៅ។ គ្រានោះជនជាប់ចោទបានយកកាំភ្លើងខ្លីម៉ាកឡុក CF9Z-9 លេខ 000507236 ពណ៌ខ្មៅ មានគ្រាប់ចំនួន០៨គ្រាប់មកភ្ជង់គំរាមជនរងគ្រោះ ទើបកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្តងទៅ៕

https://youtu.be/_6XMW6w-7ps

https://youtu.be/E_S0vw6-N28

មតិយោបល់