ព័ត៌មានជាតិ

ខឹងគេហាមមិនឲ្យនិយាយឈ្លើយ ទាញប៉័ងតោកាប់..ឪពុកទៅឃាត់កាប់ទាំងឪពុកទៀត

ភ្នំពេញៈ បុរស២នាក់ បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីយុវជនម្នាក់ បានកាប់ត្រូវចំក្បាល និងដៃ ខណៈមានទំនាស់ពាក្យសម្ដី ជាមួយអ្នកជិតខាង ហើយជនរងគ្រោះទៅឃាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះទី១ ឈ្មោះ ទុយ ប៊ុនសាន ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរអាជីវករស់ នៅផ្ទះលេខE១៧ ម្តុំកន្លែងកើតហេតុខាងលើ ទី២ឈ្មោះវណ្ណី ភេទប្រុស អាយុជាង៥០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចំណែកជនដៃដល់ឈ្មោះ សួង វណ្ណៈ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្ដីរបស់ស្ត្រីឈ្មោះ សន សារឿន អាយុ៣៨ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ បានរៀបរាប់ថា មុនពេលកើតហេតុ ជនបង្កបានមកទិញប៊ីយែរបស់គាត់មួយកំប៉ុង អង្គុយផឹកនៅតុកាហ្វេរបស់ខ្លួន ហើយបាននិយាយផ្តេសផ្តាស ដោយបាននិយាយឡេបខាយឌឺដងអសុរោះ មើលងាយមើលថោកជាច្រើនដង ពេលនោះបុរសរងគ្រោះ ឈ្មោះ ទុយ ប៊ុនសាន ទើសចិត្តពេក ក៏ឃាត់ថា ហេតុអីនិយាយពាក្យចឹងៗ នៅកន្លែងគេលក់ដូរ បើស្រវឹងទៅផ្ទះទៅ ស្រាប់តែជនបង្ក ក៏រត់ចូលក្នុងផ្ទះម្តាយក្មេក យកកាំបិតប៉័ងតោមកកាប់ក្បាលជនរងគ្រោះ ហូរឈាមស្រោចពេញខ្លួន ។

ប្រភពដដែលបន្ថែមថា ពេលឃើញបែបនេះ ឪពុកជនបង្កមកឃាត់ក៏ កាប់ត្រូវដៃឪពុកមួយកាំបិត​ហូរឈាមរងរបួសត្រូវគេដឹក ទៅមន្ទីរពេទ្យកាល់ម៉ែត ហើយជនបង្កក៏គេចចេញពីកន្លែងកើតហេតុបាត់ ក្រោយមកក៏បានទៅមើលឪពុក នៅកាល់ម៉ែត ក៏ត្រូវប៉ូលិសចាប់បានតែម្តង ។

បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ច ចាប់យកមកសួនាំនៅប៉ុស្តិ៍គីឡូម៉ែតលេខ៦ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់