ព័ត៌មានជាតិ

បន្សល់កូន៤នាក់ឲ្យនៅកំព្រា ក្រោយពីសម្លាប់ប្រពន្ធ ព្រោះតែលុយ២ពាន់រៀល

តាកែវៈ ចាត់ទុកថាជារឿយឃោរឃៅមួយ និងគួរឲ្យស្អប់ខ្ពើមបំផុត ដែលបុរសម្នាក់ មិនសមមានឈ្មោះជាមនុស្ស បានវាយទាត់ធាក់ និងជាន់ក ប្រពន្ធខ្លួនឯងស្លាប់មួយរំពេច ដោយសារតែបុរសប្រមឹករូបនោះ ខឹងសុំលុុយប្រពន្ធ ២ពាន់រៀល ទៅផឹកស្រា និងច្រៀងខារ៉ាអូខេមិនបាន។

សមត្ថកិច្ចប្រាប់ថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១០ ស្ថិតក្នុងភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

បើតាមលោក យ៉ុគ សារ៉ាត់ អធិការស្រុកគិរីវង់បានប្រាប់ថា ជនបង្កឈ្មោះ វេត សាក់ ភេទប្រុស អាយុ៣៦ឆ្នាំ បានវាយ ទាត់ ធាក់ និងជាន់ក ទៅលើជនរងគ្រោះជាប្រពន្ធរបស់ខ្លួនឈ្មោះ ម៉ុស ស្តើង អាយុ៣៤ឆ្នាំ បណ្ដាលឲ្យស្លាប់ និងបានបន្សល់ទុកកូនប្រុសស្រីចំនួន០៤នាក់ក្លាយជាក្មេងកំព្រា រស់គ្មានទីពឹង។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា ។

ជនសង្ស័យដែលជាប្តីប្រមឹក កំណាចឃោរឃៅនោះបានឆ្លើយសារភាពថា រូបគេពិតជាបានប្រើអំពើហឹង្សាវាយប្រពន្ធបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន ដោយរូបគេតែងតែប្រើអំពើហិង្សាវាយប្រពន្ធជាញឹកញាប់នៅពេលដែលរូបគេស្រវឹងស្រា ។

នៅយប់កើតហេតុ ខ្លួនបានផឹកស្រាស្រវឹង ហើយបានសុំលុយប្រពន្ធ២ពាន់រៀលទិញស្រាសផឹកបន្តនិងច្រៀងខារ៉ាអូខេ មិនបាន ដោយពេលនោះប្រពន្ធឆ្លើយថាគ្មានលុយទេ បន្ទាប់មករូបគេក៏ស្ទុះទៅវាយ ជាន់កប្រពន្ធទៅនឹងដីបណ្ដាលឲ្យស្លាប់តែម្ដង ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យនិងពិនិត្យសាកសពជនរងគ្រោះ ឃើញមានស្នាមបែកក្បាលផ្នែកខាងស្តាំលើសៀតផ្កា បំពង់ក និងលើដើមទ្រូង មានស្លាមជាំខ្មៅ រួចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយសារតែគ្រួសារនេះមានជីវភាពទាល់ក្រលំបាក លោកអធិការស្រុកគិរីវង់ បានជួយគ្រួសារសពដោយឧបត្ថម្ថ ក្តាមឈូស១ អង្ករ២បាវ និងមី២កេះផងដែរ ។

ក្នុងករណីនេះ លោកអធិការស្រុកគិរីវង់ និងប្រជាពលរដ្ឋ បានសំណូមពរទៅដល់សប្បុរសជនមេត្តាជួយដល់ក្រុមគ្រួសារនេះផង ព្រោះសព្វថ្ងៃមានជីវភាពក្រីក្រខ្លាំងណាស់ ពេលនេះម្ដាយបានស្លាប់ ឪពុកត្រូវជាប់គុក បន្សល់ទុកកូនប្រុសស្រី៤នាក់គ្មានអ្វីជាទីពឹងនោះទេ៕

មតិយោបល់