ព័ត៌មានជាតិ

ដើររើសអេតចាយក្បែរផ្លូវរថភ្លើង មិនប្រយ័ត្នត្រូវរថភ្លើងកៀររបួសធ្ងន់

បន្ទាយមានជ័យ: បុរសចំណាស់ម្នាក់ ត្រូវបានរថភ្លើងកៀរ បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈកំពុងដើររើសអេតចាយ នៅក្បែរផ្លូវរថភ្លើង កាលពីចុងសប្តាហ៍កន្លងទៅនេះ ត្រង់ចំណុចភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសចំណាស់ខាងលើ ដើររើសអេតចាយ ក្បែរផ្លូវរថភ្លើង លុះមួយសន្ទុះក្រោយ ក៏ស្រាប់តែត្រូវរថភ្លើងកៀរ ដួលបោកក្បាលសន្លប់តែម្តង ។ ឃើញដូចនោះ ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ ក៏បាននាំគ្នាជួយសង្គ្រោះ និងដឹកតាមរថយន្តយកទៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ថា ហេតុការណ៍រថភ្លើងកៀរមនុស្ស ឬបុក
រថយន្តដែលបើកបរឆ្លងកាត់ផ្លូវរថភ្លើងនេះ តែងកើតមានឡើងជារឿយៗ ហើយហេតុការណ៍នេះ ត្រូវបាន ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ដាក់សម្ពាធទៅលើអ្នកបើកបររថភ្លើងថា បើកបរក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្ននៅតំបន់ទីប្រជុំជន ដែលធ្វើឲ្យពួកគាត់កើតក្តីបារម្ភ ចំពោះសុវត្ថិភាពពួកគាត់ ជាពិសេសក្មេងៗ ដែលមានមូលដ្ឋានក្បែរផ្លូវរថភ្លើង។

ដោយឡែកទាក់ទងនិងសុវត្ថិភាពប្រជាពលរដ្ឋមូលដ្ឋាន ក្បែរផ្លូវរថភ្លើងនេះ កន្លងមកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានផ្សព្វផ្សាយ និងអំពាវនាវតាមរយៈមន្ត្រីផ្លូវដែក សារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ នានា ជាច្រើនឲ្យប្រជាពលរដ្ឋ ធ្វើយ៉ាងណាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឈរក្បែរ អង្គុយលេង ឈប់ ចត រថយន្តលើ ឬក្បែរផ្លូវរថភ្លើង ព្រោះវាអាចបង្ករឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ៕

មតិយោបល់