ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រ៤១គ្រួសារ ទទួលបានអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

ភ្នំពេញៈ កាល​ពី​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ គ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា និងអ្នកមានជម្ងឺ ចំនួន៤១គ្រួសារ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធាន​កិត្តិយសអនុសា​ខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ។

អំណោយដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង៤១គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់(មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល។ ជាមួយគ្នានេះ ព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឫស្សីសាញ់ សង្កាត់ព្រៃស បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ រួមមានៈ ស្ករស តែ ទឹកដោះគោ ទឹកក្រូច និងមី។

​​​លោកអភិបាលខណ្ឌ ក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅដល់ផ្ទះរបស់បងប្អូនដែលកំពុងមានជម្ងឺ ​សម្រាកព្យាបាលនៅលើគ្រែចំនួន០៣គ្រួសារ ព្រមទាំងបានឧបត្ថម្ភថវិកាបន្ថែម ចំនួន ១៥ម៉ឺនរៀល ដល់អ្នកជម្ងឺម្នាក់ដែលទើបនឹងវះកាត់ ​មានលទ្ធភាព ដើម្បីទិញថ្នាំព្យាបាលផងដែរ៕

មតិយោបល់