ភ្នំពេញៈ មេឃកំពុងភ្លៀងរលឹមស្រិចៗ ស្រាប់តែមានរថយន្តCOROLA មួយគ្រឿង បើកបរដោយបុរសស្រវឹងស្រាម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទៅបុកចូលផ្ទះលក់ចាប់ហួយ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងរាត្រីសែនព្រះខែនេះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៧និង៥០នាទីយប់ ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ជិតផ្លូវបេតុងបត់ចូលផ្សារចាក់អង្រែ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមបងស្រីដែលជាម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលមេឃកំពុងភ្លៀងរលឹមស្រិចៗ គេឃើញផ្ទះលក់ចាប់ហួយកើតហេតុខាងលើ កំពុងតែរើអីវ៉ាន់ទុកដាក់ ដើម្បីរៀបចំតុមកដាក់សែនព្រះខែ ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកCOROLA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9807 បើកបរដោយបុរសស្រវឹងស្រាម្នាក់ រួមដំណើរដោយក្មេងតូចម្នាក់ និងបុរសមាឌធំម្នាក់ទៀត ត្រលប់មកពីជប់ជុំបងប្អូននៅខេត្តស្វាយរៀង លុះដល់ចំណុចកើតហេតុ ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន តែអ្នកបើកបរងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកចូលផ្ទះលក់ចាប់ហួយនោះ បណ្ដាលឲ្យបាក់សសរផ្ទះអស់មួយដើម ចៃដន្យដែលរថយន្តកល់ជាប់កង់ឆ្វេងខាងក្រោយ ទើបបើកទៅមុខលែងរួច និងមិនបណ្ដាលឲ្យរងរបួសនោះទេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ម្ចាស់ផ្ទះកើតហេតុ ប្រញាប់ប្រញាល់ចេញមក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ តែម្ចាស់រថយន្តបង្កបានសុំដោះស្រាយ ដោយព្រមសងការខូចខាតចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង និងហៅបងប្អូនប្រជាពលរដ្ឋជួយលើករំកិលឡើងមកលើថ្នល់វិញ ។
ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តបានអរគុណបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលបានជួយសម្រួលចរាចរណ៍និងជួយលើករំកិលរថយន្តគាត់ ហើយឡើងរថយន្តបើកបន្តដំណើរទៅមុខបាត់ទៅ៕
មតិយោបល់