ភ្នំពេញៈ នាវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Joachim Baron von Marshall ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសជំនួបសវនការ និងជម្រាបលានេះ លោក Joachim Baron von Marshall ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការរឹតបង្តឹងចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយ និងពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្តល់ជំនួយជាបន្តបន្ទាប់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ វិស័យសុខាភិបាល សាលាក្តីខ្មែរក្រហម កំណែទម្រង់ដីធ្លី សុខភាពមាតា និងទារក វិសហមជ្ឈការ សុវត្តិភាពម្ហូបអាហារ អភិបាលកិច្ចល្អការផ្តល់អាហារូបករណ៍សម្រាប់ការ បណ្តុះបណ្តាលធនធានមនុស្សជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុងតែខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកែទម្រង់រដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ផងដែរ ជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងរួមចំណែកក្នុងកំណែទម្រង់នានាដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការធ្វើកំណែទម្រង់ទាំងនេះ គឺជាអាយុជីវិតរបស់ជាតិ។
សម្តេចវិបុលសេនាភក្តី បានស្នើលោកឯកឧត្តមរដ្ឋទូត បន្តជួយជំរុញអ្នកវិនិយោគិនអាល្លឺម៉ង់មកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើនសក្តានុពល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាល្លឺម៉ង់ និងកម្ពុជា ជំរុញអ្នកទេសចរណ៍អាល្លឺម៉ង់មកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងស្នើឲ្យជួយបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាផងដែរ៕
មតិយោបល់