ភ្នំពេញៈ យុវជនម្នាក់ក្នុងស្ថានភាពរបួសរយៈកចង់ដាច់ពីស្មាទៅហើយបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ខណៈបោះពួយម៉ូតូលឿនជ្រុលទៅទាក់ជាមួយរថយន្តមិនចាំម៉ាកកាលពីវេលាម៉ោង៧និង៥៥ នាទីយប់ថ្ងៃទី៩ខែសីហាឆ្នាំ២០១៦ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចភ្លើងស្តុបកែងផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានកាតការងារជាភាសាកូរ៉េ មានឈ្មោះសៀ ចាន់ណា អាយុជាង២០ឆ្នា។ ជនរងគ្រោះ ជិះម៉ូតូម៉ាកឃ្លីកពណ៌សពាក់ស្លាកលេខភ្នំពេញ1BW-7673 ជាមធ្យោបាយ។
តាមប្រភពប្រជាពលរដ្ឋនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង បោះពួយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជ្រុលទាក់កៀរជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿងបើកស្របទិសបណ្តាលឲ្យបោកដួលអូសធ្លាក់ជនរងគ្រោះបោកនឹងថ្នល់ហូរឈាមជោគថ្នល់តែម្តង។
ភ្លាមៗភាគីខាងរថយន្តមិនបានឈប់ឡើយបន្តដំណើរទៅមុខបាត់បន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ។ខណៈដែលជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយសមត្ថកិច្ចចុះអន្តរាគមន៍បន្តស្រាវជ្រាវរកសាច់ញាតិ៕
https://youtu.be/hWUUWz899Y4
មតិយោបល់