ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពន្លះជាមួយក្បាលនាគចែកទ្រូងផ្លូវ រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង បោះពួយលឿនដូចហោះបណ្តាលជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលឲ្យបោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់។ ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ រីឯក្បាលនាគបាក់អស់មួយកង់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-5992 ទិសដៅពីកើតទៅលិច បោះពួយលឿនហោះលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យម្ចាស់បោកក្បាលនិងកញ្ចក់រថយន្តផ្នែកខាងមុខរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនិករស្មីដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ រីឯក្បាលនាគបាក់អស់មួយកង់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមករាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់