ព័ត៌មានជាតិ

ជលផលខេត្តក្រចេះ បង្ក្រាបរថយន្ដដឹកត្រី៣គ្រឿង ដកហូតត្រីរាប់រយគីឡូ

ក្រចេះ: នៅក្នុងដើមរដូវបិទនេសាទនេះ គេសង្កេតឃើញសកម្មភាពដឹកបទល្មើសនេសាទនៅភូមិសាស្ដ្រស្រុកសំបូរ កើតមានយ៉ាងគគ្រឹកគគ្រេង ជាក់ស្ដែងនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ មន្ដ្រីជលផលបានចុះបង្ក្រាបរថយន្ត៣គ្រឿង រឹបអូសត្រីរាប់រយគីឡូក្រាម។

មន្ដ្រីជលផលក្រចេះ បានឲ្យដឹងថា មានបទល្មើសកើតឡើងជាច្រើន ក្នុងស្រុកសំបូរ ជាពិសេសនៅចំណុចភូមិកោះខ្ញែ ឃុំអូរគ្រៀង ដែលជាចំណុចដ៏ក្ដៅគកុក ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនត្រីចម្រុះគ្រប់ប្រភេទ ចេញពីស្រុកសំបូរ នៃទឹកដីខេត្តក្រចេះ ឆ្ពោះទៅខេត្តស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ។

លោកបានបន្តថា ករណីបង្ក្រាបខាងលើនោះ សមត្ថកិច្ចបានចាប់ឃាត់រថយន្តដឹកបទល្មើសបានចំនួន៣គ្រឿង ក្នុងនោះរថយន្តសាំងយ៉ុង២គ្រឿង និងរថយន្តកាមរីគូទស្វិតចំនួន១គ្រឿង ដោយក្នុងរថយន្តនីមួយៗ មានផ្ទុកត្រីចម្រុះចាប់ពី ៥០ទៅ៧០គីឡូក្រាម ដែលជាប្រភេទ ត្រីខ្អែក ត្រីក្របី និងមេត្រីពូជជាច្រើនប្រភេទទៀត។

ក្រោយពេលបង្ក្រាបរថយន្តបទល្មើសទាំង៣គ្រឿង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ស្ដីពីជលផល៕

មតិយោបល់