ព័ត៌មានជាតិ

ផ្ទះលក់គ្រឿងទេសត្រូវក្រុមចោរប្រដាប់អាវុធចូលភ្ជង់ប្លន់យកទ្រព្យសម្បត្តិ

រតនគិរីៈ ប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរីត្រូវក្រុមចោរមួយក្រុមមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែងមួយដើម មិនស្គាល់ម៉ាកបានចូលប្លន់ប្រមូលយកទ្រព្យសម្បត្តិមួយចំនួនធំ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាងខេ ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

លោក ឡាក់ ស៊ុយហន មេបញ្ជាការកងរាជអាវុធហត្ថស្រុកវ៉ើនសៃបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ហ្វៀង វ៉ាងគាន អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងប្រពន្ធឈ្មោះ ទូច ស្រីនិច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
មុនពេលកើតហេតុ ក្រុមចោរមួយក្រុម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងចាប់ម្ចាស់ផ្ទះចង ក្រោយមកក្រុមចោរនេះ បានប្រមែប្រមូលយកទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែកមាស២ជី ខ្សែដៃប្លាកទីន២ជី ជញ្ជៀនមាស២វង់(២ជី) បារី២០សុង លុយខ្មែរចំនួន៦០ម៉ឺនរៀល និងលុយវៀតណាម១លានដុង ក្រោយមករត់គេចខ្លូនបានស្រមោល។ លោកបន្តទៀតថា ក្រុមចោរ២នាក់ខាងលើមុនធ្វើកម្មភាពពាក់មួកពាក់ម៉ាស ខណៈដែលម្ចាស់ផ្ទះមិនទាន់បិទទ្វារដេកដោយនៅលក់ដូអីវ៉ាន់ឲ្យភ្ញៀវ លុះដល់ភ្ញៀវចេញទៅអស់ ជាឱកាសល្អក្រុមចោរចូលធ្វើកម្មភាពភ្ជុងប្លន់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលនឹងកងរាជអាវុធហត្ថមូលដ្ឋាន បានធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ដុតដៃ ដុតជើង ដើម្បីស្វែងរកមុខសញ្ញមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់