ភ្នំពេញៈ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាតិចិនម្នាក់ និងខ្មែរ៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ៤ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារត្រឹម ២ឆ្នាំ ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៥លានរៀលចូលថវិការដ្ឋ និងសម្រេចបណ្តេញជនជាតិចិនចេញពីប្រទេសកម្ពុជា ពីបទការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស ប្រព្រឹត្តនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ២០ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ មាត្រា ១០៧ និងមាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សវនាការជាសាធារណៈ នៃសំណុំរឿងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ដោយមានលោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទ ជាជាប់ចោទទាំងអស់ ពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ យោងតាមមាត្រា១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ ប៉ុន្តែនៅថ្ងៃប្រកាសសាលក្រមនេះ គឺលោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចកែប្រែបទចោទមក ជាបទ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស វិញ។
ជនជាប់ចោទនៃសំណុំរឿងនេះរួមមាន៖
-ទី១ ឈ្មោះ គី ឈាងអាន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប។ ជនជាប់ចោទបាន ឆ្លើយបដិសេធថាខ្លួនមិនបាននាំជនរងគ្រោះទៅលក់ឱ្យជនជាតិចិននោះទេ គឺគ្រាន់តែរត់ម៉ូតូឌុបជូនជនរងគ្រោះទៅអាកាសយានដ្ឋានតែប៉ុណ្ណោះ។
-ទី២ ឈ្មោះ ស្រី ហួ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធរបស់ជនជាប់ចោទទី១។ ជនជាប់ចោទបាន ឆ្លើយថា ខ្លួនជាអ្នកជូនជនរងគ្រោះ និងសាច់ញាតិទៅស្នាក់នៅផ្ទះសំណាក់ និងទៅហាងបាយ ប៉ុន្តែខ្លួនមិនបានដឹងរឿងរៀបការជនរងគ្រោះទៅប្រទេសចិននោះទេ។
-ទី៣ ឈ្មោះ អ៊ឹម ហៀប ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅ ខេត្តតាកែវ។ ជនជាប់ចោទបាន និយាយថា ខ្លួនបានជូនជនរងគ្រោះ មកជួបឈ្មោះ ស្រី ហួ និងឈ្មោះ ផល ដើម្បីរៀបចំឯកសារទៅការប្តីនៅស្រុកចិន ប៉ុន្តែខ្លួនមិនមែនជាអ្នករៀបចំ និងទាក់ទងផ្ទាល់ទៅជនជាតិចិននោះទេ។
-ទី៤ ឈ្មោះ ឆាវ វូហ័រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។ ជនជាប់ចោទបានឆ្លើយថា ខ្លួនបានស្គាល់ឈ្មោះ អាន តាមរយៈមិត្តភក្តិ ខ្លួនក៏ទាក់ទងឱ្យឈ្មោះ អាន រកស្ត្រីខ្មែរ ដើម្បីទៅរៀបការនៅប្រទេសចិន។ ក្រោយមកឈ្មោះ អាន និងប្រពន្ធបានស្ត្រីខ្មែរ ៣នាក់ដែលចងលរៀបការទៅប្រទេសចិន ទើបខ្លួនបានរៀបចំឱ្យបានទៅនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ។
យោងតាមអំអានចម្លើយជនរងគ្រោះនៅក្នុងសវនាការ ជនរងគ្រោះទាំង៣នាក់បានបញ្ជាក់ថា ខ្លួនស្គាល់ជនជាប់ចោទឈ្មោះ ហៀប ដែលបានសួរពួកខ្លួនថា មានចង់ទៅការប្តីនៅប្រទេសចិនទេ បើចង់ទៅគាត់ជួយបាន ពេលរៀបការរួចប្តីចិននោះឱ្យថ្លៃទឹកដោះម្នាក់ ១០០០ដុល្លារ។
ជនជាប់ចោទ បានបន្តថា ដោយចង់ទៅបានប្តីនៅស្រុកចិន ពួកខ្លួនបានឱ្យឈ្មោះ ហៀប ជួយ ពេលនោះឈ្មោះ ហៀបបាននាំមកភ្នំពេញជួបឈ្មោះ អាន និងប្រពន្ធឈ្មោះ ហួ។ ពេលនោះឈ្មោះ ហួ បានឱ្យលុយពួកគេទៅធ្វើលិខិតឆ្លងដែន និងរៀបចំឯកសារទៅប្រទេសចិន។ លុះដល់ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ជនជាប់ចោទទាំង ៤នាក់បានជូនពួកគេទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅប្រទេសចិន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចឃាត់សួរនាំ រហូតឈានដល់ចាប់ខ្លួនជនជាប់ចោទទាំង៤នាក់តែម្តងទៅ៕
មតិយោបល់