ភ្នំពេញៈ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូកង់បី ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០១ និង០០នាទីរំលងអធ្រាត្រ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យ ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូកង់បី ០១គ្រឿង គ្មានស្លាកលេខ ជារបស់ជនរងគ្រោះមានឈ្មោះ ខាន់ វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលបានចតទុកនៅមុខនៅមុខផ្ទះជួលរបស់ខ្លួន ហើយបានចាក់សោ.ក យ៉ាងត្រឹមត្រូវដូចសព្វដង រួចចូលទៅដេកដូចរាល់ដង។ ក្រោយភ្ញាក់ពីដំណេក ជនរងគ្រោះបានចេញទៅមើលម៉ូតូកង់បី ដើម្បីយកទៅជួយដឹកសម្ភារប្រពន្ធរបស់ខ្លួន ទៅលក់នៅផ្សារច្បារអំពៅ តែមិនឃើញ ទើបដឹងថាត្រូវចោរលួចយកទៅបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បឲ្យជួយស្រាវជ្រាវរក។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ច បានចុះស្រាវជ្រាវ តាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុធី ហៅវ៉ាង ភេទប្រុស អាយុ ៣១ឆ្នាំ នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយបានបន្តសហការណ៍ ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ជាបក្សពួកឈ្មោះ គង់ សុថៃ ហៅថៃ ភេទប្រុស អាយុ ១៧ឆ្នាំ នៅចំណុចដីឡូតិ៍មួយកន្លែង ជិតសាលាបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានយកពួកគេទាំង ០២នាក់នេះ មកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។
ក្រោយសាកសួរជនសង្ស័យទាំងពីរ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូកង់បី របស់ជនរងគ្រោះខាងលើប្រាកដមែន ក្រោយពេលពួកគេបានជក់គ្រឿងញឿនហើយ បានដើរទៅតំបន់ការ៉ង់ ក៏ឃើញម៉ូតូកង់បី ០១គ្រឿងចតទុកមុខផ្ទះ ដោយមានចាក់សោ.ក ត្រឹមត្រូវ ពេលនោះពួកគេក៏បានចូលទៅកាច់សោ.ក ជិះយកទៅលាក់ទុកក្នុងដីឡូតិ៍មួយកន្លែង ជិតសាលាបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់មកឈ្មោះ ចាន់ សុធី បានត្រឡប់ទៅដេកនៅផ្ទះរបស់គេវិញ ចំណែកឈ្មោះ គង់ សុថៃ នៅអង្គុយចាំម៉ូយមកទិញកង់បីនោះ។
លុះដល់ម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថ មកឃាត់ពួកពួកគេតែម្តង៕
មតិយោបល់