កំពតៈ ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បង្កឡើងដោយយុវជន៣ នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត ១L-១៨៤៩ ឌុបគ្នាក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានភ្លោះ បណ្ដាលឲ្យស្លាប់២នាក់ និងរបួសម្នាក់ នៅលើផ្លូវជាតិលេខ៤១ (អង្គឌួង)ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ត្រង់ចំណុចស្ពានភ្លោះ ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី កាលពីវេលាម៉ោង ១១និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨។
ជនរងគ្រោះទី១ឈ្មោះ ភាព ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ចំណែកអ្នករួមដំណើរ២នាក់ទៀត ទី១- ឈ្មោះ ហូ ថុល ភេទប្រុស អាយុ១៧ឆ្នាំ (ស្លាប់) និងទី២-ឈ្មោះ ថន ង៉ែត ភេទប្រុស អាយុ១៣ឆ្នាំ (ស្លាប់) អ្នកទាំងបីនាក់ មានទីលំនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ គឺបង្កទ្បើងដោយខ្លួនឯង ហើយបានបណ្តាលឲ្យយុវជន២ នាក់ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងម្នាក់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារឲ្យមកដឹកទៅតាមគេហដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់