ព័ត៌មានជាតិ

បែកធ្លាយព័ត៌មាន ថាលោកផ្កាយ១ PM ម្នាក់កំពុងរត់ការជួយ ជនជាតិកូរ៉េ ដែលគំរាមសម្លាប់មនុស្ស កុំឲ្យជាប់គុក

ភំ្នពេញៈ ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះថា សំណុំរឿង បុរសជនជាតិកូរ៉េម្នាក់ ជាប់ពាក់ព័ន្ធ ករណីរំលោភលំនៅឋាន និងគំរាមសម្លាប់មនុស្ស ដែលនគរបាលខណ្ឌច្បារអំពៅចាប់បញ្ជូនខ្លួនទៅតុលាការ កំពុងមានលោកឧត្តមសេនីយ៍ផ្កាយ១ PM ម្នាក់កំពុងរត់ការ សុំឲ្យតុលាការដោះលែងវិញ ដោយកុំឲ្យដាក់គុក សមតាមកំហុស។

ប្រភពបន្ថែមថា ទោះជាយ៉ាងណា មកដល់ល្ងាចថ្ងៃនេះ លោក កោ វណ្ឌី ដែលជាចៅក្រមស៊ើបសួរកាន់សំណុំរឿង នៅមិនទាន់សម្រេចយ៉ាងណានៅឡើយនោះទេ ដោយសម្រេចផ្ញើជនត្រូវចោទ នៅនឹងសមត្ថកិច្ចខណ្ឌច្បារអំពៅសិន រង់ចាំសម្រេចនាព្រឹកស្អែក។

លោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទនៅល្ងាចនេះថា លោកបានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះយន់ ថាក់ឃីន (Youn Tackyoun) ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិកូរ៉េ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល លេខ០៩ ផ្លូវ M-០១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ (បុរីប៉េងហួតបឹងស្នោរ) កាន់លិខិតឆ្លង ដែនលេខ M ៤០៥២៦០៥៩ ពីបទ គំរាមកំហែងថានឹងសម្លាប់ និងបទ រំលោភលំនៅឋាន ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ គីម ដុងគ្យូ (Kim Dong Kyu) ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិកូរ៉េ មុខរបរ នាយកក្រុមហ៊ុន MTC (វេរប្រាក់-ដូរប្រាក់) ស្នាក់នៅចំណុចកើតហេតុ កាន់លិខិតឆ្លងដែនលេខ M៥២៣៨៦៤៧៤ កាលពីកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ យោងតាមមាត្រ ២៣៣ និងមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌ។

លោក រៀល សុភិន បានបន្ថែមថា សំណុំរឿងនេះ លោកបានស្នើសុំឲ្យ ចៅក្រមស៊ើបសួរ ឃុំខ្លួនជនត្រូវចោទ ជាបណ្តោះអាសន្នផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនជាតិកូរ៉េម្នាក់ នៅចំណុចផ្ទះជួល លេខ០៣ ផ្លូវលេខ០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ (បុរីប៉េងហួតបឹងស្នោរ) តាមបណ្ដឹងជនរងគ្រោះ ពីបទ គំរាមកំហែងថានឹងសម្លាប់ និងរំលោភលើលំនៅឋាន៕

មតិយោបល់