ព័ត៌មានជាតិ

ខ្លាំងបាត់! ជនជាតិចិន ជិះរថយន្តស៊េរីទំនើបម៉ាក ផុច ស្លាកលេខ ភ្នំពេញ 2BA-0007 និងម៉ាកស៊ីលីកា ស្លាកលេខភ្នំពេញ 2V-9998 ​វាយជាមួយក្រុមសន្តិសុខ របួសជិត១០នាក់ ផ្អើលកោះពេជ្រទាំងកណ្ដាលយប់ ព្រោះតែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច

ភ្នំពេញៈ ជនជាតិចិនមួយក្រុមបានរត់ប្រលែងគ្នាពេញផ្លូវគាប់ជួនពេលនោះមានសន្តិសុខកោះពេជ្រ២នាក់ បានជិះម៉ូតូមកបុកត្រូវជនជាតិចិនម្នាក់ ក៏កើតហិង្សាមួយកើតឡើង សាហាវដូច ក្នុងរឿងហុងកុងរវាង ជនជាតិចិន​មួយក្រុម វាយគ្នាជាមួយ សន្តិសុខកោះពេជ្រ បណ្ដាលអោយភាគីទាំងសង្ខាង របួសធ្ងន់ស្រាលជិត១០នាក់ និងមានជនជាតិចិនម្នាក់សន្លប់ស្ដូកស្ដឹងផងដែរ ។

ហេតុការណ៍ហិង្សាដូចរឿងហុងកុងនេះបានកើតឡើង នៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃពុធ​ ទី២៧ ខែមិថុនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខហាងយីហោ “សៅដិន​ អ៊ិនធើណេសិនណល” (Southern International) ស្ថិតក្នុងទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពព័ត៌មាន​ពីសន្តិសុខម្នាក់ដែលត្រូវបានជនជាតិចិនវាយអោយរងរបួសបែកមុខ បានប្រាប់ Post Newsថា មុនពេលកើតហេតុ​ គាត់បានជិះម៉ូតូឌុបសន្តិសុខម្នាក់ទៀតធ្វើដំណើរចេញពីកន្លែងធ្វើការ បំណងជិះទៅស្កែនមេដៃចេញទៅផ្ទះ លុះធ្វើដំណើរ មកដល់មុខហាងយីហោ “សៅដិន​ អ៊ិនធើណេសិនណល” (Southern International)​ ដែលជាកន្លែងកើតហេតុ ស្រាប់តែមាន ជនជាតិចិនមួយក្រុម បានរត់ ប្រលែងគ្នាពេញផ្លូវ ហើយក៏មានជនជាតិចិនម្នាក់រត់ក៏ទៅបុកម៉ូតូរបស់គាត់ ហើយក៏ប្រកែកតឹង​សរសៃ.ក ដាក់គ្នា រហូតកើតជាហិង្សាមួយកើតឡើង សាហាវដូច ក្នុងរឿងហុងកុង។ ភ្លាមនោះស្រាប់តែមានបុរសជនជាតិចិន បើករថយន្ត ស៊េរីទំនើប២គ្រឿង ទៀត មួយគ្រឿង ម៉ាក ផុច ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BA-0007 និងមួយគ្រឿងម៉ាកស៊ីលីកា ពណ៌ទឹកប្រាក ពាក់ស្លាកលេខភ្នំពេញ 2V-9998 មកដល់កន្លែងកើតហេតុ រួចចុះពីលើរថយន្តនិងជនជាតិចិន ប្រមាណជាង២០នាក់ទៀត បានដេញវាយសន្តិសុខដែលជាម្ចាស់ម៉ូតូ បង្កអោយមាន ការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រនាំគ្នាមកអន្តរាគមន៍ និងជួយឃាត់ផងដែរ តែដោយសារឃាត់មិនស្ដាប់ ទើប នាំគ្នាវាយគ្នាទៅវិញទៅមក បណ្ដាលអោយជនជាតិចិនម្នាក់ ដែលបើករថយន្ត ស៊េរីទំនើបនោះ បានសន្លប់ស្ដូកស្ដឹង​ និងរងរបួសទាំងសង្ខាងបែកមុខមាត់ជិត១០នាក់ទៀត ហើយក៏មានរថយន្តសង្រ្គោះមកដឹកយកអ្នករបួសខ្មែរជាច្រើននាក់ក្នុងនោះមាន២នាក់រងរបួសធ្ងន់ទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ ទាក់ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត មកយកជនជាតិចិនជើងខ្លាំងដែលសន្លប់ យកទៅមន្ទីរពេទ្យ បន្ទាប់មកសមត្ថកិច្ចក៏បានហៅភាគីទាំងសង្ខាងមកសម្រួលគ្នា តែនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចហៅភាគីទាំងសង្ខាងទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីសាកសួរ​រកមូលហេតុ និងដោះស្រាយតាមផ្លូវច្បាប់ ៕
https://youtu.be/W2y5ugg5mRA

មតិយោបល់