ព័ត៌មានជាតិ

២នាក់តានិងចៅ បណ្តើរគ្នាឆ្លងផ្លូវ ត្រូវម៉ូតូបុករបួសធ្ងន់

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងអ្នកថ្មើរជើង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៨និង៥០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ត្រង់ចំណុចផ្សារសៀមរាបស្ថិតនៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មុនពេលកើតហេតុ គេឃើញមានអ្នកដើរឆ្លងផ្លូវ២នាក់តានិងចៅ បណ្តើរកង់ឆ្លងពីកើតមកលិច ទី១តាឈ្មោះ លុយ ប៊ុនលី ភេទប្រុស អាយុ៩២ឆ្នាំ(រងរបួសធ្ងន់) និងទី២ចៅឈ្មោះ លុយ ពេជ្រចន្ថា ភេទស្រី អាយុ១០ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិ-ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ត្រូវបាន ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR-៣៨០៧ បើកបរដោយឈ្មោះ អ៊ួន រិទ្ឋី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានអ្នករួមដំណើម្នាក់ឈ្មោះ ថុល រដ្ឋា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ (មានទិសដៅពីជើងទៅត្បូង ភ្នំពេញ តាកែវ) ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើដោយគេចមិនផុត បានប៉ះដៃចង្កូតជាមួយអ្នកដើរឆ្លងផ្លូវដែលមានទិសដៅពីកើតមកលិចក៏បានដួលអ្នកដើរតែម្តង ចំណែកម៉ូតូមិនបានដួលទេ។

សេចក្តីសន្និដ្ឋានជំហានដំបូង ករណីនេះមកពីអ្នកបើកបរម៉ូតូ មិនប្រុងប្រយ័ត្ន ធ្វេសប្រហែសពេលមកដល់ទីប្រជុំជន ។ ចំណែកអ្នកថ្មើរជើងមានចៅម្នាក់បណ្តើកង់ពីមុខតាដើរពីក្រោយ មិនបានប្រុងប្រយ័ត្នពេលឆ្លងផ្លូវ។

ក្រោយកើតហេតុ អ្នកបើកបរម៉ូតូត្រូវប្រជាពលរដ្ឋឃាត់បានរួចប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍សៀមរាប។ ពេលនេះជំនាញបានយកមកសាកសួនៅអធិការដ្ឋាននគរបាលស្រុក។ ចំពោះវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់