ព័ត៌មានជាតិ

អាងត្រពាំងថ្ម នឹងអាចមានលទ្ធភាពស្តុកទឹករហូតដល់៣០០លានម៉ែត្រគូប និងក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: បើតាមការអះអាងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១ ខែកក្ដដានេះ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ការងារអនុវត្តគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម (ជំហានទី៦) សម្រេចលទ្ធផលបានប្រមាណ៥០ភាគរយហើយ។ ជំហានទី៦ នៃការជួសជុល និងពង្រីកប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ដែលជាអាងស្តុកទឹកសាបធំជាងគេនៅស្រុកខ្មែរ បន្ទាប់ពីបឹងទន្លេសាប ដោយធ្វើយ៉ាងណាបង្កើនការស្តុកទឹកពី១៩០លានម៉ែត្រត្រីគុណ ឲ្យបានរហូតដល់៣០០លានម៉ែត្រត្រីគុណ ហើយប្រែក្លាយតំបន់នេះ ទៅជាតំបន់អេកូទេសចរណ៍ស្រស់ត្រកាល និងទាក់ទាញបំផុតប្រចាំខេត្តបន្ទាយមានជ័យ។

ក្រសួងបន្តថា ការអនុវត្តន៍គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ឃុំពន្លៃ និងឃុំស្រះជីក ក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើឡើងជាជំហានៗ ក្នុងនោះជំហានទី១ បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០០៨ ដោយបានធ្វើការជួសជុលស្តារឡើងវិញ នូវប្រព័ន្ធប្រឡាយស្រោចស្រព និងប្រព័ន្ធប្រឡាយដោះទឹក សរុបប្រវែង៣៥គីឡូម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការធំ-តូចជាច្រើនកន្លែងទៀត។ បន្ទាប់ពីបានបញ្ចប់ជំហានទី១ នៅក្នុងឆ្នាំ២០១០ លទ្ធភាពស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម បានកើនឡើងពី៧.០០០ហិកតា ដល់២០.០០០ហិកតា។

បើតាមក្រសួង បានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥ គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ត្រូវបានអនុវត្តជាជំហានៗបន្តបន្ទាប់ទៀត ដើម្បីពង្រីកលទ្ធភាពស្រោចស្រពឲ្យកើនដល់៣៥.០០០ហិកតា។ ចាប់ពីឆ្នាំ២០១៦នេះ រហូតដល់ឆ្នាំ២០១៨ខាងមុខ ក្រសួងបាន និងកំពុងបន្តធ្វើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម ឲ្យទៅជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលមួយ ដែលអាចស្តុកទឹកបានរហូតដល់៣០០លានម៉ែត្រត្រីគុណ និងកសាងបន្ថែមនូវប្រព័ន្ធប្រឡាយរំដោះទឹក និងប្រឡាយស្រោចស្រពជាច្រើនទៀត ដើម្បីធានាដោះទឹកឲ្យបានទាន់ពេលវេលានៅពេលមានជំនន់ និងផ្តល់ទឹកគ្រប់គ្រាន់សម្រាប់បម្រើឲ្យការស្រោចស្រពដីស្រែស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ។

ក្រសួងក៏បញ្ជាក់ថា នៅពេលបញ្ចប់គម្រោងនេះ ក្រៅពីដើរតួនាទីផ្តល់ទឹកស្រោចស្រពដីស្រែស្រូវរបស់បងប្អូនប្រជាកសិកររាប់ម៉ឺនហិកតា និងដោះទឹកជំនន់នៅក្នុងស្រុកថ្មពួក ព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ក៏នឹងប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ត្រកាល និងទាក់ទាញមួយផងដែរ៕

មតិយោបល់