ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ នៅទល់មុខក្លោងទ្វារវត្តបាកាន

ពោធិ៍សាត់:ក្នុងចំណោមបុរសចំនួន៣នាក់ មានស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់មួយ ដែលបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខវត្តបាកាន ស្ថិតក្នុងភូមិត្រពាំងជន ឃុំត្រពាំងជន ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើង រវាងម៉ូតូ Dream ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-0006 បើកបរដោយឈ្មោះ គង់ ភិន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរដោយឈ្មោះ គង់ ភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ របួសធ្ងន់ រស់នៅភូមិឃុំជាមួយគ្នា បានបុកជាមួយម៉ូតូ Dream ស៊េរី២០១០ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-0004 បើកបរដោយឈ្មោះ ផាន់ រ៉ន ភេទប្រុស អាយុ៣២ឆ្នាំ របួសធ្ងន់ រស់នៅភូមិព្រះចំបក់ ឃុំត្រពាំង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ គេឃើញមាន ម៉ូតូពីរគ្រឿង បើកក្នុងល្បឿនលឿន ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹងលឺដូចរន្ទះ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ ២នាក់តែម្តង។ កើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុ គេបានឃើញក្រុមជួយសង្គ្រោះ និងរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកបាកាន បានដឹកជនរងគ្រោះទៅសង្គ្រោះជាបន្ទាន់ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី នៅពេលក្រោយវិញ៕

photo_2016-05-17_06-41-53 photo_2016-05-17_06-41-52 photo_2016-05-17_06-41-54 (2)

មតិយោបល់