ព័ត៌មានជាតិ

WSSCC ៖ កម្ពុជា សម្រេចបាន៤៦% លើការប្រើប្រាស់បង្គន់អនាម័យ

ភ្នំពេញៈ ក្រុមប្រឹក្សាសហប្រតិបត្តិការវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (WSSCC) បានវាយតម្លៃថា កម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើវិស័យអនាម័យជនបទ ដែលអត្រានៃការប្រើប្រាស់បង្គន់អនាម័យបានកើនដល់៤៦% បើធៀបទៅនឹងឆ្នាំ២០០៨ ដែលអត្រានេះ មានតែ៥ ទៅ៧%ប៉ុណ្ណោះ។

តំណាង WSSCC ប្រចាំប្រទេសកម្ពុជា លោក Dave Trouba បានថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្រ្ត នៃក្រុមប្រឹក្សាសហប្រតិបត្តិការវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលបានធ្វើនៅថ្ងៃទី១ ខែកក្កដានេះថា បន្ទាប់ពីរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា ក្រោមកិច្ចសហការជាមួយ WSSCC និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីដៃគូរដទៃៗទៀត តាមរយៈមូលនិធិសកលអនាម័យ ឃើញថា កម្ពុជា បានយកចិត្តទុកខ្លាំង លើបញ្ហាអនាម័យជនបទ និងការយល់ដឹងមួយកម្រិតទៀតរបស់ប្រជាពលរដ្ឋ លើបញ្ហាប្រើប្រាស់បង្គន់អនាម័យនេះ។

លោកបន្តថា WSSCC នឹងបន្តជួយកម្ពុជា លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ស្របតាមគម្រោងផែនការរយៈពេល៤ឆ្នាំទៀត គឺ២០១៧ ដល់២០២០ ដោយផ្អែកទៅលើតម្រូវការចាំបាច់របស់ក្រសួង និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត។ តែយ៉ាងណា គោលដៅរបស់ WSSCC មិនខុសពីរាជរដ្ឋាភិបាលកម្ពុជា ទេ គឺចង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានបង្គន់ប្រើប្រាស់គ្រប់គ្រួសារនៅទូទាំងប្រទេស។

លោក Dave Trouba បន្ថែមថា រយៈពេល៩ឆ្នាំមកនេះ WSSCC បានវិនិយោគតាមរយៈមូលនិធិសកលអនាម័យប្រមាណជាង១១លានដុល្លារអាមេរិក ពោល គឺជាង១លានដុល្លារ ក្នុង១ឆ្នាំ លើវិស័យនេះ។

លោក ជា សំណាង អ្នកសម្របសម្រួលរបស់ WSSCC កម្ពុជា បានឲ្យដឹងថា WSSCC បានចូលមកកម្ពុជា នៅឆ្នាំ២០០៨ និងបានជួយលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទនៅកម្ពុជា។ ការបណ្តាក់ទុនរួមគ្នាវិនិយោគលើវិស័យនេះ វានឹងនាំឲ្យមានផលចំណេញទាំងពេលវេលា សុខភាព កាត់បន្ថយការរំលោភបំពាន និងជួយដល់កំណើនសេដ្ឋកិច្ចគ្រួសារផងដែរ។ សម្រាប់ WSSCC បានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៤ឆ្នាំទៅមុខ គឺ២០១៧-២០២០ នៅថ្ងៃនេះ គឺចង់ដឹងពីតម្រូវការរបស់កម្ពុជា ថាមានអ្វីដែលត្រូវឲ្យ WSSCC ជួយបន្តទៀត។

សូមបញ្ជាក់ថា ការសិក្សាមួយមួយបង្ហាញថា ខណៈពលរដ្ឋមិនយល់ពីការប្រើប្រាស់បង្គន់អនាម័យទេនោះ វានាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដូចជាបញ្ហាជំងឺរាគរូស បញ្ហាខាតបង់ពេលវេលា និងការរំលោភបំពានផ្សេងៗទៀត៕

មតិយោបល់