ភ្នំពេញេៈ បុរសម្នាក់ បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីជិះម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាក បុកចំពីមុខអូសជាច្រើនម៉ែត្រ កាលពីវេលា ម៉ោង១២ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុងខាងលិចលក់សាច់ក្រក់ ប្រមាណ២០ម៉ែត្រ
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AT.5468 បុរសរងគ្រោះសម្បុរខ្មៅស្រអែម កម្ពស់ ប្រហែល១ម៉ែត្រ៦០ ពាក់អាវយ៉ឺតពណ៌ខ្មៅដៃខ្លី ស្លៀកខោសាច់ក្រណាត់ពណ៌ប្រផេះ និង នៅលើដងខ្លួនមានចាក់សាក់ជាច្រើនកន្លែង។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញ រថយន្តមួយគ្រឿង មិនចាំម៉ាក បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ជាមួយល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ គួបផ្សំផ្លូវងងឹតផងនោះ បានជ្រុលទៅបុក បុរសម្នាក់ ដែលកំពុងជិះម៉ូតូឌ្រីមសង់មួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្រ្ចាសគ្នាពេញទំហឹងអូសជនរងគ្រោះ និងម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់មួយរំពេច។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខខ្ទេចម៉ត់មើលមិនយល់។
ខណនោះរថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ដោយសុវត្តិភាព បន្សល់ទុកសពរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះធ្វើកំណត់ ហេតុ រួចប្រគល់សពឲ្យរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូល ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕
មតិយោបល់