ព័ត៌មានជាតិ

បញ្ជូនអ្នកចែកចាយគ្រឿងញៀន៣នាក់ ទៅតុលាការ

កំពង់ឆ្នាំងៈ ជនចែកចាយគ្រឿងញៀន៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ។

នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកន្លែង២ខុសគ្នា ក្នុងស្រុកសាមគ្គីមានជ័យ។ ករណីទី១នៅម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែមិថុនា សមត្ថកិច្ចបានចាប់បានឈ្មោះ ឆី ឆុន អាយុ២៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ក្នុងពេលគេចុះពីលើរថយន្តដឹកកម្មករ យកគ្រឿងញៀនមកលក់ឲ្យម៉ូយចំកម្លាំងបង្កប់របស់សមត្ថកិច្ច ដោយដកហូតបានថ្នាំញៀន១កញ្ចប់ និងទូរស័ព្ទដៃ១គ្រឿង។

ចំណែកករណីទី២ នៅម៉ោង១៖៣០នាទី ថ្ងៃទី៣០ ខែមិថុនា សមត្ថកិច្ចចាប់បានអ្នកចែកចាយគ្រឿងញៀន២នាក់ទៀត នៅក្នុងរោងចក្រហ្គេតស្ពត មានទីតាំងនៅក្នុងចម្ការស្វាយ ឃុំសេដ្ឋី ដកហូតថ្នាំញៀនបាន២៤កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ២គ្រឿង ជនល្មើសទី១ឈ្មោះ លី នេត្រា អាយុ២២ឆ្នាំ និងទី២ឈ្មោះ ហ៊ុយ ហឿន អាយុ២៦ឆ្នាំ ពួកគេជាកម្មករក្នុងរោងចក្រខាងលើ រស់នៅក្នុងឃុំស្វាយ និងជាអ្នកចែកចាយគ្រឿងញៀន ដ៏សកម្មនៅក្នុងរោងចក្រ។

បច្ចុប្បន្នជនល្មើសទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីឲ្យតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់