កំពង់ធំៈ មេព្រៃកំពង់ថ្មរុញគ្នាទៅវិញទៅមក និងស្ទាក់ស្ទើរក្នុងការចុះអនុវត្តន៍បង្រ្កាបរថយន្តដឹកឈើមួយគ្រឿង ដែលត្រូវបានគេដឹងថា បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដឹកជញ្ជូនឈើដោយខុសច្បាប់ ក្នុងនោះក៏ត្រូវបានគេដឹងដែរថា មេព្រៃកំពង់ថ្មបានទទួលលាភសក្ការៈពីឈ្មួញ ទើបបានជាមិនហ៊ានបង្រ្កាបរថយន្តដឹកឈើមួយគ្រឿងនោះ តែទីបំផុតរថយន្តនេះបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច ដោយទម្លាក់តែឈើព្រលែងរថយន្ត។
ជាក់ស្តែងនៅភូមិឃ្លៃភូមិឈើទាលមានម៉ាស៊ីនពុះជ្រៀកឈើយ៉ាងអនាធិបតេយ្យប្រមាណ៤ទៅ៥កន្លែង ដោយទី១.ឈ្មោះហួន និងទី២ឈ្នោះគ្រូជិន អ្នកទាំងពីររស់នៅភូមិភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ហើយត្រូវបានឈ្មោះ តា រី រស់នៅចុងទំនប់ ភូមិសាស្រ្ត ឃុំកំពង់ថ្ម ជាអ្នកកាងម៉ាស៊ីនជ្រៀកឈើខុសច្បាប់រយៈពេល២ទៅ៣ឆ្នាំមកហើយ ។ ប៉ុន្តែម៉ាស៊ីនជ្រៀកឈើប៉ុន្មានកន្លែងទៀតមិនបានស្គាល់ឈ្មោះម្ចាស់នោះទេ ហើយជៀកឈើបានដោយរលូននេះ ដោយសារការឃុបឃិតពីមន្រ្តីមានសមត្ថកិច្ចជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងនិងផ្នែករដ្ឋបាលកំពង់ថ្ម។
ប្រជាពលរដ្ឋទូទាំងឃុំកំពង់ថ្មត្អូញត្អែរថា ដោយសារតែក្រុមឈ្មួញដឹកឈើតាមរថយន្តតូរីស ឬគោយន្តចេញពីរភូមិឃ្លៃ និងភូមិឈើទាលបានធ្វើឲ្យរងការខូចខាតផ្លូវលំជាច្រើនកន្លែង ដូចជាផ្លូវចេញពីភូមិស្នោរមកវត្តកំពង់ថ្មចេញពីវត្តកំពង់ថ្មមកដល់គល់ស្ពានកំពង់ថ្ម និងចេញពីភូមិទួលសង្កែទៅភូមិបន្អាយចាស់ យុំត្នោតជុំ ពេលនេះក្លាយជាផ្លូវរទេះគោរទេះក្របីអស់ទៅហើយ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនានេះ រថយន្តតូរីសដឹកឈើប្រភេទលេខពីរចេញពីភូមិឃ្លៃយកទៅលក់ទៅតាមតំបន់ផ្សេងៗ។
បើតាមព័ត៌មានច្បាស់ការណ៍មួយបានឲ្យដឹងថា រថយន្តតូរីសដឹកឈើប្រភេទក្តារនេះ គឺឈ្មោះ តា រី ជាអ្នករត់ការតែចៃដន្យរថយន្តជាប់ផុងក៏ទម្លាក់ឈើចោល ហើយបើករត់បាត់ ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ហើយលោក សុទ្ទ ម៉ារី នាយផ្នែករដ្ឋបាលព្រៃកំពង់ថ្មបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទអូសឈើនោះ យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ។
ពាក់ព័ន្ធរឿងនេះលោក សុទ្ធ ម៉ារី បានប្រាប់តាមទូរស័ព្ទថា ចំពោះឈើប្រភេទក្តារយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើនេះ មិនត្រូវបានធ្វើការពិន័យទេ ព្រោះមិនស្គាល់អត្តសញ្ញាណម្ចាស់។ ប្រជាពលរដ្ឋបានរិះគន់ទៅលើមន្រ្តីជំនាញរដ្ឋបាលព្រៃថា ពិន័យយ៉ាងម៉េច បើឈ្មួញទាំងនោះជាឆ្នាំងបាយរបស់គាត់នោះ៕
មតិយោបល់