ព័ត៌មានជាតិ

ឈ្មួញរកស៊ីឈើ សង់ស្ពានយកលុយពីប្រជាពលរដ្ឋឆ្លងកាត់ក្នុងតម្លៃថ្លៃ រហូតផ្ទុះការប្ដឹងផ្ដល់

កំពង់ធំៈ ប្រជាពលរដ្ឋ១២ភូមិ នៅភូមិបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សុំឲ្យលោកអភិបាលខេត្ត និងរាជរដ្ឋាភិបាលជួយកសាងស្ពាន២កន្លែង ស្ថិតនៅក្នុងភូមិអូរកែងទាត់ ដែលពួកត្រូវឆ្លងកាត់ជាប្រចាំក្នុងការរស់នៅ ប៉ុន្តែកន្លងមក និងបច្ចុប្បន្ន ឈ្មួញរកស៊ីឈើម្នាក់ ជាមន្ត្រីទាហាននៅផ្នែកសឹករង ស្រុកសន្ទុក និងមេភូមិបណ្ដោះអាសន្ននៅអូរកែងទាត់នេះ បានហួងហែងធ្វើស្ពានទាំង២កន្លែងនេះ យកលុយពីពួកគាត់ក្នុងតម្លៃថ្លៃ ដែលធ្វើពួកគាត់ជួបការលំបាកជាខ្លាំងក្នុងពេលឆ្លងកាត់ទៅមកនោះ។

ប្រជាពលរដ្ឋទាំងនោះ បានបន្តឲ្យដឹងថា កន្លែងទាំង២នេះ ពីដើម គឺមានអូរទឹកហូរកាត់ នៅរដូវវស្សា ក្រោយមកផ្លូវកាន់តែរូងទៅៗ ដោយសារតែរថយន្តដឹកឈើ ប្រជាពលរដ្ឋក៏ចេះនាំគ្នាដាក់ដើមឈើធ្វើស្ពានឆ្លងកាត់ជាធម្មតា ប៉ុន្តែឈ្មោះ ខឹម ហម ហៅ៨៤ ជាមន្ត្រីទាហានសឹករងស្រុកសន្ទុក ដែលនៅប្រចាំនៅទីនេះ ក៏បានធ្វើស្ពានដែលមានលក្ខណៈរឹងមាំបន្តិច ដើម្បីឲ្យរទេះគោក្របី និងរថយន្ត ដែលគាត់រត់ការកាងនោះឆ្លងកាត់បាន និងយកលុយពីអ្នកផ្សេង ហើយក្រោយមកក៏បន្តហួងហែងធ្វើស្ពានផ្ដាច់មុខធ្វើអាជីវកម្មជាមួយប្រជាពលរដ្ឋតែម្ដង ដោយយកលុយ គឺរទេះគោក្របី និងគោយន្ត១គ្រឿង តម្លៃ១ម៉ឺនរៀល ចំណែកស្ពាន១កន្លែងទៀត គឺលោកមេភូមិបណ្ដោះអាសន្នអូរកែងទាត់ ឈ្មោះ ពៅ វែង ជាអ្នកធ្វើដោយយកលុយពីរទេះគោ ក្របី និងគោយន្ត១គ្រឿង តម្លៃ១ម៉ឺន៥ពាន់រៀល ទៅ២ម៉ឺនរៀល។

បុរសម្នាក់ ឈ្មោះ សន គីម ជាប្រជាពលរដ្ឋនៅភូមិអូរកែងទាត់ បាននិយាយថា ករណីខាងលើនេះ ប្រជាពលរដ្ឋបាននាំគ្នាផ្ដិតមេដៃប្ដឹងទៅលោកមេឃុំឲ្យជួយរកដំណោះស្រាយឲ្យដែរ តែគ្មានលទ្ធផលរហូតមកទល់ពេលនេះ។ បុរសឈ្មោះ សន គីម ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់ភ្នំក្រហម និងភូមិអូរកែងទាត់ ដែលជាឈ្មោះភូមិបណ្ដោះអាសន្ននេះ សុទ្ធតែបាននិយាយដូចគ្នាថា លោក ខឹម ហម រហស្សនាម ៨៤នេះ ជាអ្នករត់ការកាងបទល្មើសឈើ ដែលដឹកតាមរទេះគោ ក្របី និងគោយន្ត ចេញពីព្រៃឡង់ កាត់តាមភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្ដាន់ ឆ្លងកាត់ចំណុចអូរក្រពើ មកផ្លូវភូមិអូរកែងទាត់នេះចេញទៅខេត្តកំពង់ចាម ក្នុងស្រុកស្ទឹងត្រង់ ហើយលោកមន្ត្រីទាហានរូបនេះ គឺរកស៊ីរបរនេះជាច្រើនឆ្នាំមកហើយ តាំងពីទីនេះមានព្រៃស្ដុករហូតកើតជាភូមិ។

លោក ប៉ែន លឿង មេឃុំបឹងល្វា ប្រាប់អ្នកយកព័ត៌មានថា លោកមិនមានលទ្ធភាពដោះស្រាយនោះទេ ទាល់តែស្រុក។ ចំណែកលោកអភិបាលស្រុកសន្ទុក គឺលោក យស បញ្ញារិទ្ធ បានប្រាប់អ្នកយកព័ត៌មានថា ចំពោះបញ្ហាខាងលើ លោកបានហៅអ្នកទាំង២នោះ មកធ្វើកិច្ចសន្យាឲ្យបញ្ឈប់ធ្វើអាជីវកម្មជាមួយប្រជាពលរដ្ឋរួចម្ដងទៅហើយ ប៉ុន្តែបើករណីនេះនៅតែបន្តកើតមាន លោកនឹងមានចំណាត់ការបន្ត៕

មតិយោបល់