ភ្នំពេញៈ បុរសជនជាតិចិន២នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបមួយគ្រឿងបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលបាក់អស់២កង់រថយន្តបង្កស្រុញមួយកំណាត់មុខទៅមុខលែងរួច ចំណែកតៃកុងនិងអ្នករួមដំណើររងរបួសបែកមុខមាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើកស៊េរីទំនើបមួយគ្រឿងម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1555 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យវៀចអស់២កង់។ ចំណែករថយន្តបង្កស្រុញមួយកំណាត់មុខទៅមុខលែងរួច។ ក្រោយមកបុរសជនជាតិចិនទាំង២នាក់ មិនបានទៅណានោះទេបានដេកនៅក្នុងរថយន្តព្រមទាំងមានរបួសបែកមុខបែកមាត់ផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់