ព័ត៌មានជាតិ

តុលាការសម្រេចដោះលែងជនត្រូវចោទ២នាក់ ដែលគំរាមសម្លាប់សែរាជវង្ស ឲ្យមានសេរីភាពនៅល្ងាចនេះ

ភ្នំពេញៈ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នេះបានសម្រេចដោះលែងជនត្រូវចោទ២នាក់ ដែលបានរងការចោទថា បានរៀបចំគម្រោងសម្លាប់ជនរងគ្រោះជាសែរាជវង្ស ស៊ីសុវត្តិ ឲ្យមានសេរីភាព ខណៈតំណាងអយ្យការបានចោទប្រកាន់ជនត្រូវចោទជាស្ថាពរក៏ដោយចុះ។

ជនត្រូវចោទទី១ឈ្មោះ ណយ វណ្ណយុទ្ធ ហៅ លី យ៉ុងវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ និងទី២ ឈ្មោះ មួន ច័ន្ទម៉ូនីកា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២D ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ស៊ីសុវត្ថិកែវ សោមាករិថារកា ភេទស្រី អាយុ៣៩ឆ្នាំ (សែរាជវង្សស៊ីសុវត្ថិ) មានអាស័យដ្ឋានសា្នក់នៅផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ប៊ុន ធី ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនជនត្រូវចោទនោះទេ ដោយដាក់ជនត្រូវចោទនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ជនត្រូវចោទត្រូវបានលោក ហ៊ឹង ប៊ុនថន តំណាងអយ្យការចោទប្រកាន់ពីបទគំរាមកំហែងថានឹងសម្លាប់ ជនរងគ្រោះ។

គួររំឭកថា ជនត្រូវចោទដែលតុលាការសម្រេចដោះទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។ ក្រោយពេលឃាត់ខ្លួនជនត្រូវចោទត្រូវបានសមត្តកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់ អស់រយៈពេល៤ថ្ងៃទើប មានការសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញនៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ៕

មតិយោបល់