កណ្ដាលៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅលើព្រះវិហារ វត្តអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មានករណីបុរសម្នាក់ ស្លាប់ដោយកើតខ្យល់គ។
ជនរងគ្រោះឈ្មោះ មៀច ពៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលនៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មុខរបរ កសិករ។
តាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះធ្លាប់មានជំងឺលើសឈាម ហើយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មុនពេលកើតហេតុ ជនរងគ្រោះមានការៈទាញដៃ ទាញជើង ពេលនោះ ព្រះសង្ឃសឹងលើព្រះវិហារបានឃើញ ក៏នាំគ្នាយកក្រូចឆ្មារនិងខ្ទឹមស មកលាបលើក និងដងខ្លួនឈ្មោះមៀច ពៅ ពេលនោះអ្នករងគ្រោះមានសភាពធូរស្រាលហើយសម្ត្រាននៅលើព្រះវិហារ លុះដល់ម៉ោង២ទៀបភ្លឺព្រះចៅ អធិការបានឲ្យលោកនេនទៅមើលម្ដងទៀត ស្រាប់ឃើញគាត់ ស្លាប់បាត់ទៅហើយ រួចបានឲ្យកូនសិស្សលោកទៅហៅក្រុមគ្រួសាររបស់គាត់មើល និងផ្ដល់ព័ត៌មានជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រសហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យឃុំចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា ៖ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ៕


មតិយោបល់