ព័ត៌មានជាតិ

លួចចំម៉ូតូខូច ត្រូវម្ចាស់គេទាន់​ក្របួច​បាន​វាយ​ទ្រោម​ខ្លួន​ប្រគល់​ឲ្យសមត្ថកិច្ច​

ភ្នំពេញៈ ​ជនសង្ស័យ​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ ដែល​គេចតទុកចោលនៅខាងមុខតូបលក់ទឹកត្នោត​ជូរ ​បានសម្រេច​តែ​ជាអរកុលស​បែរជាលួចចំម៉ូតូខូច​ក៏ត្រូវម្ចាស់ម៉ូតូចាប់វាយទ្រោមខ្លួន​ បង្កឲ្យមាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពីវេលា​ម៉ោង​៤និង១០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី២៦​ ខែ​តុលា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងមុខផ្សារ​ឈូក​មាស​ តាមបណ្ដោយ​ផ្លូវ​២០១១​ ស្ថិតក្នុងសង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ​។

ជនសង្ស័យ​មាន​ឈ្មោះ​ ចាន់​ ស្មី​ អាយុ៣២​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅម្តុំក្តាន់ពីរ​ ស្ថិត​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​។ ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ​ ស៊េង​ ម៉ុន​ អាយុ៥៥​ឆ្នាំ​ ជាអ្នកលក់ទឹកត្នោតជូរ​ ស្នាក់នៅរោងលក់ទឹត្នោតជូរ​ ស្ថិតក្នុងភូមិច្រេះ​ សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​។

តាមសម្តី​ពី​ជន​រងគ្រោះ ​បាន​ឲ្យយ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គាត់បានសម្រាកនៅក្នុងរោងលក់ទឹកត្នោតជូរ​ ដែលនៅខាងជើងវត្តសំរោងអណ្តែត​ ហើយចតម៉ូតូមួយគ្រឿងម៉ាក​ ZOOMER-X ពណ៌សលាយក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​1GO-0650 នៅជិតគ្រែដែលគាត់សម្រាក​ ដោយមិនបានចាក់សោ​កម៉ូតូអ្វីនោះទេ​ ព្រោះ​គិត​ថា​ម៉ូតូខូច​ ដេមិនឆេះគ្មានចោរឯណាមកលួចបាននោះទេ។
លុះដល់វេលាម៉ោង២រំលង​អធ្រាត្រ​ថ្ងៃ​កើតហេតុ​ ខណៈដែលគាត់ងើបឡើង ក៏ស្រាប់តែមិនឃើញម៉ូតូ​របស់គាត់​ ហើយគាត់ក៏ឆោឡោនាំកូនក្មួយ ជិះដើររកម៉ូតូរបស់គាត់។ ខណៈគាត់ជិះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញម៉ូតូរបស់គាត់​ និងជនសង្ស័យ កំពុងបណ្តើរតែម្នាក់ឯង។
ភ្លាមៗនេះគាត់ក៏ស្រែកឆោឡោ បង្កឲ្យមានការណ៍​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ដែលនៅក្បែរ​នោះ​ ជួយចាប់ឃាត់​ហើយក៏បានស្វាគមន៍ម្នាក់មួយដៃមួយជើង​ បណ្តាលឲ្យទ្រោមខ្លួន​ រួចទើបប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនយកទៅសាកសួរនាំ។

ក្រោយ​ពេល​កើត​ហេតុ​ជនសង្ស័យ​ខាងលើ ​រួម​ទាំង​វត្ថុ​តាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​គោកឃ្លាង​ធ្វើការ​សាកសួរនាំ និងកសាង​សំណុំរឿង ​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជាបន្តទៀត៕​

មតិយោបល់