ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប បើកបុកម៉ូតូកង់បី កំពុងបត់ឆ្លងផ្លូវ ខ្ទាតទៅបុករថយន្តចតស្ងៀម១គ្រឿងទៀត រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តស៊េរីទំនើប១គ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូកង់បី ដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យខ្ទាតបន្តទៅបុកគូទរថយន្ត ចតស្ងៀមលើចិញ្ចើមផ្លូវ រងការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខក្លឹបហ៊្សូក តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ១គ្រឿង ម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HA-4362 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ១៩៨៦ ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ បំណងទៅដឹកភ្ញៀវ ដែលនៅខាងមុខក្លឹបហ៊្សូក តែពេលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាកម៉ាស័រដាស៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7885 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ខ្វះការប្រុងប្រយ័ត្ន មកបុកម៉ូតូកង់បីខាងលើពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីខ្ទាតទៅបុកគូទរថយន្តមួយគ្រឿងទៀត ម៉ាកទៀត ម៉ាកលិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-6929 ដែលកំពុងឈប់ចតស្ងៀម នៅមុខក្លឹបហ៊្សូក រងការខូចខាតបែកកញ្ចក់ និងក្រពឹតផ្នែកខាងក្រោយ ចំហៀងខាងឆ្វេង។

ចំណែកឯម៉ូតូកង់បី បានខ្ទាតទៅកណ្ដាលផ្លូវវិញ រងការខូចខាតក្រពឹត អស់ស្ទើរទាំងស្រុង ខណៈអ្នកបើកបររងរបួសបាក់ភ្លៅខាងស្តាំ។ ដោយឡែករថយន្តបង្ក បានខ្ទាតវិលជាច្រើនជុំ ចេញពីកន្លែងកើតហេតុ ប្រមាណ២០ម៉ែត្រ រងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ។

ភ្លាមៗនោះ ជនរងគ្រោះ ជាអ្នកបើកម៉ូតូកង់បី ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯគ្លីនិកឯកជនសម្ភពសែនជ័យតែម្តង។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿង និងម៉ូតូកង់បី ព្រមទាំងអ្នកបើកបររថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់៕

មតិយោបល់