ព័ត៌មានជាតិ

រថយន្តTRITON ពន្លះទ្វារផ្ទះប្រជាពលរដ្ឋបាក់មួយចំហៀង និងខូចខាតរថយន្តមួយទៀត

ភ្នំពេញ: បុរស២នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលបាក់ទ្វារផ្ទះមួយចំហៀង និងខូចខាតរថយន្តមួយគ្រឿង ចំណែកអ្នកបើករថយន្តបង្ករងរបួសធ្ងន់ រីឯអ្នករួមដំណើររងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ហៅផ្លូវវាយកូនហ្គោល នៅជាប់នឹងភោជនីដ្ឋានម្លប់ស្បូវ 2Q ភូមិបឹងសាឡាង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាមប្រភពព័មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស២នាក់បើករថយន្តមួយគ្រឿងម៉ាកTRITON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-6078 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកចូលទ្វារផ្ទះពេញទំហឹង បណ្តាលឲ្យបាក់ទ្វារផ្ទះអស់មួយចំហៀងបណ្តាលរបងផ្ទះខ្ទាតទៅប៉ះរថយន្តបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-4602 ម្ចាស់ចតនៅខាងក្នុងបណ្តាលឲ្យខូចខាតផ្នែកខាងតិចតួច។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររងរបួសធ្ងន់ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួមនឹងសាច់ញាតិខាងរថយន្តបង្កបានចុះមកដល់កន្លែងកើត ដើម្បីធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តបង្ករសងសំណងទៅលើទ្វារផ្ទះ និងរថយន្តដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់