ភ្នំពេញៈ តារាចម្រៀងលេងស្តាយ៍ក្បាលត្រងោល លោក សាន ផានិត នៅតែបន្តប្តេជ្ញាចិត្ត ប្រកូកប្រកាសជួយដល់គ្រួសារក្មេងពងធំ ក្រោយវះកាត់ជោគជ័យ នៅមន្ទីរពេទ្យ ក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
គ្រួសារក្មេងពងធំរូបនេះ គ្មានផ្ទះសម្បែងរស់នៅនោះទេ ដោយសូមផ្ទះអ្នកស្រុករស់នៅ ខណៈឪពុកម្តាយដែលមានជីវភាពក្រលំបាក មិនមានមុខរបរ និងដើរស៊ីឈ្នូលគេជារៀងរាល់ថ្ងៃបានព្រឹកខ្វះល្ងាច។
ដោយមើលឃើញពីស្ថានភាពក្រលំបាកយ៉ាងនេះ ទាំងអាជ្ញាធរក្នុងស្រុកអូរាំង និង តារាចម្រៀង សាន ផានិត បានសហការគ្នា រួមទាំងសប្បុរសជនក្នុងស្រុក និងក្រៅស្រុក បានឧបត្ថម្ភថវិកា ខ្លះ ដល់គ្រួសារកុមារក្រីក្រ មានជំងឺពងធំ តាំងពីកំណើត ឲ្យទទួលបាន ការវះកាត់ ដោយជោគជ័យ ប៉ុន្តែទាស់ត្រង់ថា នៅតែគ្មានជម្រកជ្រកកោន នៅឡើយ។
បើតាមលោក សាន ផានិត បានប្រាប់ Post News នៅមុននេះបន្តិច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា សម្រាប់ក្មេងដែលមានជំងឺតាំងពីកំណើតនេះ បានទទួលការវះកាត់រួចរាល់ហើយ ក្រោយទទួលបានជំនួយពីសប្បុរស ធម៌ និងអាជ្ញាធរ បូករួមថវិកាផ្ទាល់ខ្លួនរបស់លោកផងដែរ។
សាន ផានិតថា «នៅសប្តាហ៍ក្រោយនេះ ខ្ញុំនឹងចុះទៅមើលស្ថានភាពជាក់ស្តែង ពីជីវភាពគ្រួសារក្មេងដែលមានជំងឺពងធំនេះ ថាពិតជាជួបផលលំបាកយ៉ាងដូច្នោះមែនឬក៏យ៉ាងណា» ។
ការចុះមើលពីស្ថានភាព ជាក់ស្តែង នេះ គឺដើម្បីធ្វើឲ្យម្ចាស់ជំនួយនៅក្រៅស្រុក គេអស់ចិត្ត កុំឲ្យថាលោក យកថវិកាទាំងនោះមក ប្រើមិនចាំទិសដៅ បើស្ថានភាពជាក់ស្តែងថា អត់ផ្ទះនៅមាន នោះលោកនឹងបន្តគៀងគរ រកថវិកាជួយសាងសង់ផ្ទះឲ្យ។ នេះបើតាមសម្តី លោក សាន ផានិត បានបន្ថែម។
សូមបញ្ជាក់ផងដែរថា ក្មេងដែលកើតជំងឺពងធំនេះ បានទទួលថវិកា ៤០ ម៉ឺនរៀល ពីសប្បុរសជន ដើម្បីវះកាត់ជំងឺពងធំនេះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយជោគជ័យ នៅមន្ទីរពេទ្យ ក្រុងសែន មនោរម្យ៕
មតិយោបល់