ភ្នំពេញៈ រថយន្តស៊េរីទំនើប២គ្រឿងបើកបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន ហើយក៏បុកគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទៅលែងមុខ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ម៉ាស្តាBT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1997 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបើកឆ្លងកាត់ផ្លូវ៥២៨ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈពេលនោះស្រាប់មានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ីសRX៤០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5289 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន។ មិនបានប្រយ័ត្នក៏ជ្រុលទៅបុករថយន្តខាងលើចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាស្តារងការខូចខាតកំពិតនិងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង។ ចំណែកឯរថយន្តឡិចស៊ីសរងការខូចខាតកំពិតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។ ភ្លាមៗនោះអ្នកបើកបររថយន្តទាំង២គ្រឿង បានចុះពីលើរថយន្តរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល សន្សល់ទុកតែរថយន្តទាំង២គ្រឿងនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុក៏ឃើញមានដំណាងរបស់រថយន្តទាំង២គ្រឿងខាងលើបានមកធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ តែដោយនិយាយមិនត្រូវគ្នាក៏ប្រគល់សមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់