ព័ត៌មានជាតិ

ចោរវ័យក្មេង ឆក់ទូរសព្ទបានសម្រេច រត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ រត់រួចម្នាក់!

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងពីនារី២នាក់បងប្អូន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ត្រង់ចំណុចខាងក្រោយវិទ្យាល័យជាស៉ីមសាមគ្គី​ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ៦៦៤ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។​

ជនសង្ស័យ​ខាងលើមានឈ្មោះ​ លី​ វ៉ាន់ណាត​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

បើតាមសម្តីពីនារីម្នាក់មានឈ្មោះ​ ឯម​ ស្រីណុត​ អាយុ​២៦ឆ្នាំ ត្រូវជាបងស្រីរបស់នារីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់និងប្អូនស្រីរបស់គាត់ដែលជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌កាប់ស៊្តាង ពាក់ស្លាកលេខ​ ភ្នំពេញ​1GM-6551 ទើប​តែជិះ​ចេញ​មកពីហូបភីហ្សានៅខាងមុខវិទ្យាល័យជាស៊ីម​សាមគ្គី ​ហើយបំណងជិះត្រឡប់ទៅផ្ទះ​វិញ​ដែលនៅក្បែរ​នឹង​កន្លែង​កើត​ហេតុ​ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​៦៦៤​ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេច​មុខ​ជន​សង្ស័យ​ខាងលើរួមទាំងបក្ខពួក​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដាឌ្រីម​ស៊េរី​០១៨​ មិន​ចាំ​ស្លាក​លេខ។ ជិះមកពីក្រោយ​ហើយក៏បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​iphone 6+ ពីជនរងគ្រោះជាប្អូនស្រី​ បានសម្រេច​ហើយព្យាយាមជិះរត់គេចខ្លួន​។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏ស្រែកឆោឡោ​ បង្កឲ្យជន​សង្ស័យ​ខាង​លើ​ភ័យ​ស្លន់ស្លោ​ក៏ជិះម៉ូតូ​ទៅ​ប៉ះ​និង​រថយន្តមិនចាំម៉ាកមួយគ្រឿង​ បណ្តាលឲ្យ​ម៉ូតូ​របស់​ជនសង្ស័យ​ដួល ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នៅក្បែរនោះបានចេញមកជួយចាប់បានជន​សង្ស័យ​ខាង​លើ​ដែល​ជាអ្នកអង្គុយខាងក្រោយ​និងធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ខាងលើ។ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​បាន​លើកម៉ូតូ​ជិះរត់គេចខ្លួនបាត់ស្រមោល​ ដោយបន្សល់ទុកជនសង្ស័យខាងលើ​នៅកន្លែងកើតហេតុ​ ហើយក៏ត្រូវប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់មួយដៃមួយជើងបណ្តាលឲ្យហើមមុខ​ រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំ។

ក្រោយ​ពេល​កើត​ហេតុជនសង្ស័យ​ខាងលើរួមទាំងវត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងសាឡាង​ធ្វើការ​សាកសួរនាំនិងកសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់