ព័ត៌មានជាតិ

គ្រុនឈាមកំពុងផ្ទុះឡើងនៅទូទាំងខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ ក្នុងរយៈពេលតែមួយខែ នៅដើមរដូវវស្សាឆ្នាំនេះ គ្រប់ស្រុកនៅក្នុងខេត្តមណ្ឌលគិរីបានទទួលសម្ពាធយ៉ាងធ្ងន់ពីមេរោគ គ្រុនឈាម ដ៏កាចសាហាវមួយនេះ។

លោក សៀ សុខមៀន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ថា ជំងឺគ្រុនឈាមពិតជាបាន និងកំពុងកើតមានមកលើមនុស្ស​ក្មេងចាស់ប្រុសស្រីស្ទើរគ្រប់ស្រុក​ទូទាំងខេត្តពិតប្រាកដមែន ជំងឺគ្រុនឈាមឆ្នាំនេះ វាហាក់មានការផ្ទុះ​​ឡើងយ៉ាង​ច្រើន​ករណីមែនទែន ខុសគ្នាពីបណ្តាឆ្នាំមុនៗ តែទោះបីជំងឺនេះ កំពុងផ្ទុះឡើង ច្រើនករណីយ៉ាងណាក៏ដោយ ប៉ុន្តែគ្រោះថ្នាក់ដល់​អាយុជីវិតមនុស្ស ពុំទាន់មានច្រើន​ករណី​នៅឡើយទេ ពោលមានតែក្មេងប្រុសម្នាក់ បានស្លាប់ប៉ុណ្ណោះ នៅស្រុកពេជ្រាដា តែពេលនេះ អត្រា​ថមថយចុះហើយ។

លោកបន្ដថា បញ្ហាដែលមានផ្ទុះឡើងនូវជំងឺនេះ ច្រើនអាចកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ និងមកពីការចំលងមកពីមូសខ្លាខាំ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តា​បង្កើនការយល់ដឹងឲ្យបានខ្ពស់បំផុត អំពីវិធីការពារកុំឲ្យកើតមានជំងឺទាំងនេះ ដូចជា ត្រូវធ្វើអនាម័យខ្លួន កាប់ឆ្ការព្រៃជុំវិញផ្ទះសម្បែង លុបថ្លុក របស់ដែលដក់ទឹកដែលជាជម្រក​សត្វមូសបង្កពង។

លោក ប៊ុន សួរ ប្រធានមន្ទីសុខាភិបាលបានមានប្រសាសន៍ប្រាប់ភ្ងាក់ងារយើងដែរថា ករណីនេះ បានធ្វើឲ្យលោកមានការព្រួយបារម្ភ​យ៉ាងខ្លាំព្រោះអី មេរោគមួយនេះ បានធ្វើឲ្យប្រជាជនស្ទើរគ្រប់ស្រុក ព្រួយបារម្ភ​ពីសុវត្តិភាពខ្លួនខ្លាចកើតចំលើគ្រួសារខ្លួន។

លោកបានបន្តដែរ ថា សព្វថ្ងៃខាងមន្ត្រីរបស់លោកក៏មិនព្រងើយកន្តើយដែរ គឺលោកបានដាក់បញ្ជាឲ្យចុះដល់មូលដ្ឋាននានាក្នុងតំបន់រងគ្រោះ ដើម្បីបាញ់ថ្នាំកាពារ និងពន្យល់ដល់ប្រជាពលរដ្ឋឲ្យចេះ ប្រយ័ត្ន ប្រសិនមានអាការៈ មិនស្រួលប្រញាប់មកពិនិត្យឲ្យទាន់ពេលផងដែរ៕

មតិយោបល់