ព័ត៌មានអន្តរជាតិ

UN ថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនៅរដ្ឋធានីបង់ក្លាដែស

UN: អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូ កាលពីថ្ងៃសៅរ៍ បានថ្កោលទោស ចំពោះការវាយប្រហារនៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងដាការដ្ឋធានីបង់ក្លាដែស ដោយសម្តែងសេចក្តីសង្ឃឹម របស់លោកថា « អ្នកដែលនៅពីក្រោយបទល្មើសនេះ នឹងត្រូវបានកំណត់អត្តសញ្ញាណ និងនាំយកទៅកាត់ ទោស»។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សារនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦

ក្នុងសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការ ដែលចេញផ្សាយដោយអ្នកនាំពាក្យរបស់គាត់បានសម្តែង “ការអាណិតអាសូរ និងចូលរួមមរណទុក្ខយ៉ាងជ្រាលជ្រៅ» ទៅក្រុមគ្រួសាររបស់ជនរងគ្រោះ និងរដ្ឋាភិបាល ព្រមទាំងប្រជាជននៃប្រទេសបង់ក្លាដែសផងដែរ។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា លោកសូមជូនពរឲ្យអ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយ យ៉ាងរហ័ស។

លោក បាន គីមូន បាននិយាយថា លោកនឹងឈរក្នុងជំហរដ៏រឹងមាំជាមួយបង់ក្លាដែស សម្រាប់ការប្រឈមមុខ នឹងការគំរាមកំហែងនេះ និងបានសង្កត់ធ្ងន់ថា ត្រូវតែពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ និងអន្តរជាតិ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងភេរវកម្ម” នេះបើតាមការឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍។

គួរបញ្ជាក់ដែរថា កងទ័ពបង់ក្លាដែស បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ ជនបរទេស ២០នាក់ ក្រោយការវាយលុកចូលភោជនីយដ្ឋានអេស្ប៉ាញ នៅទីក្រុងដាកាកាលពីយប់ថ្ងៃសុក្រ។

យ៉ាងហោចណាស់មនុស្ស ៤០ នាក់ រួមទាំងមន្រ្តីប៉ូលិសជាន់ខ្ពស់ ត្រូវបានរងរបួសក្នុងហេតុការណ៍នេះ។

ចំណាប់ខ្មាំង ១៣ នាក់ រួមទាំងជប៉ុនម្នាក់ និងស្រីលង្កាពីរនាក់ ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីប្រតិបត្ដិការរយៈពេលពីរម៉ោង របស់កងកងទ័ព៕

មតិយោបល់