ប្រជាជនគុយបារាប់ពាន់នាក់កាលពីថ្ងៃអាទិត្យ បានធ្វើបាតុកម្មធំបំផុតប្រឆាំងរដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈពួកគេបង្ហាញពីការមិនសប្បាយចិត្តចំពោះវិបត្តិសេដ្ឋកិច្ច និងការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលចំពោះការរាតត្បាតនៃវីរុសកូរ៉ូណា។
ក្រុមអ្នកតវ៉ាបានស្រែកពាក្យស្លោកទាមទារសេរីភាព និងឯកភាព នៅពេលពួកគេបានដើរតវ៉ានៅរដ្ឋធានីឡាហាវ៉ានរហូតដល់ទីបំផុតប៉ូលិសបានបំបែកការហែក្បួននិងចាប់ខ្លួនបាតុករមួយចំនួន។ ក្រុមបាតុករបានចេញតវ៉ានៅតំបន់ផ្សេងៗទៀតរួមមាននៅទីក្រុង San Antonio de los Banos ក្បែររដ្ឋធានីឡាហាវ៉ានដោយសម្តែងការខឹងសម្បាអំពីការតម្រង់ជួរទទួលអាហារយូរពេកការដាច់ចរន្តអគ្គិសនី និងបញ្ហាក្នុងការផ្គត់ផ្គង់ថ្នាំ។
ប្រទេសគុយបា ក៏កំពុងជួបប្រទះនូវដំណាក់កាលដ៏អាក្រក់បំផុតនៃការឆ្លងរាលដាលនៃវីរុសនេះដែលមន្ត្រីសុខាភិបាលបានរាយការណ៍ពីការឆ្លងថ្មីចំនួន៦.៩២៣នាក់ និង៤៧ នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ។
ប្រធានាធិបតីគុយបាលោក Miguel Díaz-Canel បានធ្វើទស្សនកិច្ចនៅទីក្រុង San Antonio de los Banos កាលពីថ្ងៃអាទិត្យ ហើយបានទទួលស្គាល់ថា ប្រជាជនបានបង្ហាញការមិនសប្បាយចិត្ត ប៉ុន្តែលោកបានស្តីបន្ទោសភាពចលាចលនេះលើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ាហ្វីយ៉ាអាមេរិក-គុយបា។
លោកក៏បានស្តីបន្ទោសសហរដ្ឋអាមេរិកដែលពេលអតីតប្រធានាធិបតីលោក Donald Trump បានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសគុយបាឡើងវិញ។ លោក Diaz-Canel បានអំពាវនាវឲ្យអ្នកគាំទ្រលោកប្រឈមនឹង«ការបង្កហេតុ»នេះ តែបាតុកម្មគាំទ្ររដ្ឋាភិបាលមានតិចតូច។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានសម្តែងការគាំទ្រដល់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ និងបានព្រមានប្រឆាំងនឹងអំពើហិង្សា។
មតិយោបល់