ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន កងដឹកជញ្ជូន(M.70) បុករះរថយន្តនិងម៉ូតូជាង១០គ្រឿងរបួសធ្ងន់ស្រាល៥នាក់ ប្រជាពលរដ្ឋផ្ទុះការសូមណូមពរដល់លោកអភិបាលក្រុង!!

ភ្នំពេញៈ រថយន្តក្រុមហ៊ុន កងដឹកជញ្ជូន(M.70) ពាក់ស្លាកលេខ ភ្នំពេញ​ 3A-7503 ដែលប្រភពព័ត៌មានបង្ហើបថា ជាក្រុមហ៊ុនមានឥទ្ធិពល បានបុករះម៉ូតូនិងរថយន្តជាង១០គ្រឿង បន្តបុកចូលផ្ទះលក់ម៉ាស៊ីនត្រជាក់ ហាងលក់មីហិរ បន្ថែមទៀតបណ្តាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់និងស្រាល ។

ហេតុការណ៍នេះកើតទ្បើងនៅវេលាម៉ោង ៩ និង៤០ នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក បានព្យាយាមបើកទ្វាររថយន្តរត់គេចខ្លួន តែត្រូវកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបាន ប្រគល់ទៅឲ្យប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់បន្ត។

ក្នុងនោះដែរ ប្រជាពលរដ្ឋបានប្រាប់Post News ថា សូមឲ្យលោកអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការទៅលើរថយន្តប្រភេទធុនធំដែលចូលពេលថ្ងៃផង ជាពិសេសនៅតាមបណ្តោយផ្លូវវេងស្រេង ផ្លូវ២១៧ និងចំណុចស្ពានដែកចំការដូង និងផ្លូវ៣៧១ ដែលកន្លងមកសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ហាមមិនឲ្យរថយន្តធុនធំ​ចូលក្រុងពេលថ្ងៃ ប៉ុន្តែគេសង្កេតឃើញថានៅតែមានរថយន្តធុនធំចូលក្រុងពេលថ្ងៃបានដដែល ដែលអាចបង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាញឹកញាប់ ៕

មតិយោបល់