ព័ត៌មានជាតិ

ប្រធាន​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ CIA បាន​ជួបជា​សម្ងាត់​ជាមួយ​មេដឹកនាំកំពូល​តាលីបង់​

មន្ត្រី​ក្រោម​រដ្ឋបាល​របស់​លោកចូ បៃដិន​ មាន​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​មន្រ្តី​តាលីបង់ទាំង​នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ និង​នៅទីក្រុង​ដូហា​ប្រទេសកាតា​ក្នុងអំឡុង​ពេលបំពេញ​ប្រតិបត្តិការ​ជម្លៀស​មនុស្ស​ចេញពី​ទីក្រុងកាប៊ុល​ ។

ក៏ប៉ុន្តែ​ កិច្ច​ប្រជុំ​សម្ងាត់​រវាង​ប្រធាន​ CIA អាមេរិក ​ជាមួយ​សហស្ថាបនិក​តាលីបង់​គឺ​ជា​កិច្ចពិភាក្សា​ដ៏ធំបំផុត​រាប់ចាប់តាំងពី​រដ្ឋធានីកាប៊ុល​ធ្លាក់ក្នុងដៃរបស់ពួកតាលីបង់​នៅថ្ងៃទី ១៥ សីហា​មក​។ កាសែត​ The Washington Post បានរាយការណ៍​ជាលើកដំបូងបង្អស់​ពី​ជំនួបសម្ងាត់នេះ​កាលថ្ងៃអង្គារ​ ទី២៤​ សីហា​ម្សិលមិញ​។

ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​លោក វីល្លៀម បឺន គឺជា​អ្នកការទូតដែល​មាន​បទពិសោធន៍​ខ្លាំងបំផុតម្នាក់របស់​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន​។ ចំណែក​លោកម៉ុលឡា ​អាប់ឌុល​ ហ្កានី បារ៉ាដា វិញ​ គឺជា​មេដឹកនាំកំពូលម្នាក់​របស់​របប​តាលីបង់​ និង​ជា​អ្នកដែល​បាន​ដឹកនាំ​ការិយាល័យ​នយោបាយ​របស់​ចលនា​តាលីបង់​នៅប្រទេស​កាតា​។

អ្នកនាំពាក្យ​ CIA​ មិន​បាន​បញ្ជាក់ប្រាប់​អ្វី​សោះ​ពី​កិច្ចប្រជុំ​នេះ​ដល់​ទីភ្នាក់ងារព័ត៌មានបារាំង​ AFP និង​បាន​ប្រាប់​ថា ​CIA មិន​ដែល​និយាយ​ឬ​ក៏​ពិភាក្សាអ្វី​អំពី​ការ​ធ្វើដំណើររបស់​ប្រធាន​ខ្លួនឡើយ​។

ចំណែក​កាសែត​ The Washington Post ដែលបាន​ដក​ស្រង់​ប្រភព​អនាមិក​អាមេរិក​អំពី​កិច្ចប្រជុំ​ខាងលើ ក៏​មិន​ទទួល​បាន​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​រវាងមេដឹកនាំ​ តាលីបង់​ និង​មេ CIA អាមេរិក​ដែរ​។ ប៉ុន្តែ​មាន​ការ​លើកឡើងថា អ្នកទាំងពីរ​បានពិភាក្សា​គ្នាជុំវិញ​ការ​ពន្យារ​ពេល​នៃ​បេសកកម្ម​របស់​អាមេរិក​ក្នុងការ​ជម្លៀស​មនុស្ស​ចេញចេញពី​អាហ្វហ្កានីស្ថាន​។

គួរជ្រាបថា​ អាមេរិក​បាន​កំណត់យកថ្ងៃទី​ ៣១ ខែសីហា​ ជាថ្ងៃបិទបញ្ចប់ប្រតិបត្តិការដឹកជម្លៀស​ពលរដ្ឋអាមេរិក​ និងសម្ព័ន្ធមិត្តអាហ្វហ្កានីស្ថាន​រាប់ម៉ឺននាក់​ចេញពីទីក្រុងកាប៊ុល​។ ប្រឈមនឹង​ស្ថានការណ៍​ជ្រួលច្របល់​ដែលកើតមានឡើងជារៀងរាល់ថ្ងៃ​នៅព្រលានយន្តហោះក្រុងកាប៊ុល​ សហភាពអឺរ៉ុប​ បាន​អំពាវនាវ​ឲ្យ​អាមេរិក ​ពន្យារ​ពេល​បិទ​បញ្ចប់​បេសកកម្ម​​​។ ប៉ុន្តែ​ អ្នកនាំពាក្យ​របប​តាលីបង់​ បាន​ព្រមានកាលថ្ងៃចន្ទដើម​សប្តាហ៍នេះ មិន​ឲ្យ​អាមេរិក​បន្តទុក​កងទ័ព​នៅ​ព្រលាន​យន្តហោះ​លើសពី​ថ្ងៃទី​៣១ សីហា​ជាដាច់ខាត​៕

មតិយោបល់