ព័ត៌មានជាតិ

មិនឃើញងើបទៅធ្វើការដូចសពដង អើតមើល ស្រាប់តែប្រទះឃើញស្លាប់ ផ្អើលទាំងព្រឹក

ភ្នំពេញៈ បុរសជាបុគ្គលិកសហគ្រាសផលិតថ្នាំពេទ្យម្នាក់ ខ្យល់គស្លាប់ក្នុងបន្ទប់តែម្នាក់ឯង ត្រូវបានញាតិស្នាក់នៅជិតខាង ប្រទះឃើញ បន្ទាប់ពីមិនបានឃើញជនរងគ្រោះ ងើបចេញទៅធ្វើការងារដូចសព្វដង។

ហេតុការណ៍នេះ កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ១៥ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ អ៊ីវ ណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក សហគ្រាសផលិតឱសថPPM ស្នាក់នៅ បន្ទប់ជួល លេខ១៥ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិវាលប្រិយ៍ ឃុំ ចំបក់ ស្រុកបាទី ខេត្តតាកែវ ។ មានប្រពន្ធឈ្មោះ ណៃ ស្រីនាង អាយុ៣៣ មុខរបរមេផ្ទះ មានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ រស់នៅភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ មកស្នាក់នៅតែម្នាក់ឯងទេ នៅបន្ទប់ជួលចំណុចខាងលើ រីឯប្រពន្ធ នៅមើលថែកូនៗនៅឯស្រុកព្រះស្តេច ខេត្តព្រៃវែង រហូតមកដល់ព្រឹកថ្ងៃនេះ ក៏ទើបតែទទួលបានដំណឹងដ៏រន្ធត់នេះតែម្តង ។

តាមសម្តីបុរសឈ្មោះ សុខ ណាង អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរខាង បានឲ្យដឹងថា ជារៀងរាល់ព្រឹក ជនរងគ្រោះតែងតែភ្ញាក់ក្រោកពីដំណេក ម៉ោង៦ព្រឹក ហើយចាក់ចម្រៀង តាមធុងបាស មុនរៀបចំខ្លួនទៅធ្វើការងារ តែសម្រាប់ព្រឹកកើតហេតុនេះ មិនឮសូរ ចាក់ចម្រៀង មិនឃើញក្រោកងើប ចេញក្រៅដូចសព្វដង មិនបានចាប់អារម្មណ៍ រហូតដល់វេលាម៉ោង៧ជាងទៅហើយ នៅតែមិនឃើញចេញក្រៅ ទើបខ្លួន រួមជាមួយអ្នកជិតខាង៥ទៅ៦នាក់ ងឿងឆ្ងល់ គោះទ្វារហៅ ក៏មិនឃើញតបឆ្លើយ ដាក់ជណ្តើរឡើងអើតមើល ស្រាប់តែប្រទះឃើញដេកស្លាប់ទៅវិញ ទើបនាំគ្នាឆោឡោ ប្រាប់ទៅម្ចាស់ផ្ទះជួល រាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើល និងប្រាប់សាច់ញាតិ មកមើលជាក់ស្តែង រួចសាច់ញាតិ មកគាស់បើកទ្វារមើល ឃើញពិតជាស្លាប់បាត់ទៅហើយ ។

សាកសពជនរងគរោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច សន្និដ្ឋានថា កើតជំងឺខ្យល់គ ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់